មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ខណៈរថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស៥នាក់បានស្លាប់ភ្លាមៗ និងរបួសធ្ងន់-ស្រាល៧នាក់ទៀត ក្នុងនោះមានប្រជាពលរដ្ឋខ្មែរចំនួន៤នាក់ ផងដែរ ។
សោកនាដកម្មនេះបានកើតឡើងលើទឹកដីថៃ ជាប់ព្រំដែនខ្មែរនាខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០និង២៤នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅមុខវត្តណូនជិក ឃុំវឌ្ឍនាណាក់ខន ស្រុកវឌ្ឍនាណាក់ខន ខេត្តសាកែវ (ស្រះកែវ) ។
បើតាមមន្ត្រីស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តសាកែវ(ស្រះកែវ) ក៏បានចុះទៅដល់កន្លែងកើតហេតុ បានអោយដឹងជាបឋមថា មុនពេលកើតហេតុ មានរថយន្តប្រភេទវ៉ែនមួយគ្រឿង ពណ៌ស ស្លាកលេខ បាងកក ៣៣-៤៩៣៣ ដែលបើកបរដោយជនជាតិថៃ បានដឹកអ្នកដំណើរមួយក្រុម ក្នុងនោះមានពលរដ្ឋខ្មែរចំនួន១០នាក់(ជាទេសចរណ៍ និងអ្នកជំងឺ) ដែលទើបតែចេញពីមន្ទីរពេទ្យ នៅក្រុងបាងកក ឆ្ពោះមកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ពណ៌ទឹកប៊ិច ម៉ាក Toyota Camery ពាក់ស្លាកលេខ សាកែវ កខ-៣៧៨៩ ជិះមកក្នុងទិសដៅបញ្ច្រាស់គ្នា បានបែកកង់រេចង្កូតទៅបុករថយន្តដឹកពលរដ្ឋខ្មែរពេញទំហឹងតែម្តង ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ សរុបចំនួន៥នាក់ និងរងរបួស៧នាក់ទៀត ។ ជនរងគ្រោះដែលស្លាប់រួមមានខ្មែរចំនួន៤នាក់ (ស្ត្រី៣នាក់ និងក្មេងប្រុសម្នាក់) និងតៃកុងម្នាក់ទៀត បើករថយន្តវ៉ែនដែលជាជនជាតិថៃ ក៏បានស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកអ្នករងរបួស៧នាក់ផ្សេងទៀត គឺ៤នាក់រងរបួសស្រាល និង៣នាក់រងរបួសធ្ងន់ កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក្នុងនោះមានអ្នកបើកបររថយន្តទេសចរណ៍ ពណ៌ទឹកប៊ិច កំពុងសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ។
ប្រជាពលរដ្ឋខ្មែរទាំង៤នាក់ ដែលរងគ្រោះរហូតបាត់បង់ជីវិតនោះ គឺជាមកពីភូមិគោកព្រិច ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានរាយនាមដូចខាងក្រោម ៖
ទី១ឈ្មោះ អោក លីម ភេទស្រី អាយុ ៥១ឆ្នាំ
ទី២ឈ្មោះ ជួង ស៊ីញីន ភេទស្រី អាយុ ១៦ឆ្នាំ
ទី៣ឈ្មោះ ជួង ចាន់នីន ភេទស្រី អាយុ ១៧ឆ្នាំ
និងទី៤ឈ្មោះ ជួង ឡៃអ៊ិន ភេទប្រុស អាយុ ១១ឆ្នាំ ។
ទោះជាយ៉ាងណា ក្រុមមន្ត្រីខ្មែរ បានចុះទៅជួបជនរងគ្រោះជាពលរដ្ឋខ្មែរផ្ទាល់ និងអាជ្ញាធរពាក់ព័ន្ធថៃ ហើយបាននិងកំពុងសហការជាមួយសាច់ញាតិសពជនរងគ្រោះ ព្រមទាំងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំបែបបទនាំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅកម្ពុជាវិញ ៕
ប្រភពអត្ថបទ៖ KBN