(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៩ កម្ពុជាជំពាក់បំណុលបរទេសសរុបចំនួន ៧២៦៤ លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជាជំពាក់ចិនច្រើនជាងគេ រហូតដល់ជិត ៥០%។ នេះបើតាមសន្និធិបំណុលសាធារណៈក្រៅប្រទេស ដែលបង្ហាញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ក្នុងចំណោមបំណុលសរុប ៧២៦៤ លានដុល្លារអាមេរិក គឺចិនមានចំនួន ៤៨,៨% ពហុភាគី ២៨,២% បំណុលចាស់ ដែលកំពុងចរចាដោះស្រាយ ៨,៥% ជប៉ុន ៥,៤% សាធារណរដ្ឋកូរ៉េ ៤,៩% និងទ្វេភាគីផ្សេងទៀត ៤,២%។
ជាមួយនឹងបំណុលខាងលើនេះ ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០២០ បានបង្ហាញថា រាជរដ្ឋាភិបាល កំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២០ ក្នុងកម្រិត ១៤០០ លាន SDR ដែលស្មើប្រមាណ ១៩២៧ លានដុល្លារអាមេរិក។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការខ្ចីថ្មី សម្រាប់ឆ្នាំ២០២០ ក្នុងកម្រិត ១៤០០ លាន SDR គឺដើម្បីឲ្យរាជរដ្ឋាភិបាល អាចចុះហត្ថលេខាខ្ចីប្រាក់ពីគេ បានចំនួន ២៩ គម្រោង ក្នុងចំណោមគម្រោងសរុបចំនួន ៣២ ដែលមានលក្ខណៈសម្បត្តិ រួចរាល់ រួមមាន៖ ធនាគារពិភពលោក ៣គម្រោង ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ៧គម្រោង ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចំនួន ១គម្រោង សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៨គម្រោង ប្រទេសជប៉ុន ២គម្រោង សាធារណរដ្ឋកូរ៉េ ៣គម្រោង សាធារណរដ្ឋបារាំង ៣គម្រោង ថៃ ១គម្រោង និងឥណ្ឌា ១គម្រោង។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់បន្ថែមថា ការខ្ចីប្រាក់ថ្មីនេះ ក្នុងគោលដៅទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច រយៈពេលមធ្យម និងវែង និងការលើកកម្ពស់ភាពប្រកួតប្រជែង ព្រមទាំងផលិតភាពសេដ្ឋកិច្ច ដោយត្រូវបានបែងចែកតាមវិស័យជាក់លាក់ រួមមាន៖ វិស័យថាមពល វិស័យធារាសាស្ត្រ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងវិស័យអាទិភាពផ្សេងទៀត។
គម្រោងខ្ចីបំណុលពីបរទេសនៅឆ្នាំ២០២០ គឺស្មើគ្នានឹងទំហំនៃការខ្ចីប្រាក់ ដែលមានកំណត់ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ ដែរ។
យ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការខ្ចីប្រាក់នេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ។
ជាការកត់សម្គាល់ ស្ថានភាពបំណុលរបស់កម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្នុងច្បាប់ថវិកាជាតិឆ្នាំ២០១៩ ដោយគិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៨ មានចំនួន ៦៨២៥,៣ លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជាជំពាក់ចិន ៤៨,៣% ពហុភាគី ២៩% បំណុលចាស់ដែលកំពុងចរចាដោះស្រាយ ៩,១% កូរ៉េខាងត្បូង ៥,២% ជប៉ុន ៤,៤% និងទ្វេភាគីផ្សេងទៀត ៤%៕