ចោរឆក់ ចោរប្លន់ ចោរលួច កំពុងតែធ្វើសកម្មភាពពេញក្រុងភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង

21268

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម រត់ជាន់ជើងគ្នាបាតជើងសព្រាត ក្រោយធ្វើសកម្មភាពកាត់ជញ្ជាំងឃ្លាំងលក់បរិក្ខារអគ្គិសនីមួយកន្លែងលួចបានសម្ភារៈ:ជាច្រើនត្រូវបានប្រជាពលរដ្ឋឃើញទាន់ រួចនាំគ្នារត់គេចខ្លួនចូលក្នុងបឹងបាត់ស្រមោលតែម្តង។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ២០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅចំណុចឃ្លាំងលក់បរិក្ខាអគ្គិសនីមួយកន្លែង ខាងជើងវត្តឃ្មួញប្រមាណជា៥០ម៉ែត្រ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការអះអាងពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា ពេលកើតហេតុពួកគាត់បានឮសំឡេងកាត់ស័ង្កសី​ ដោយមានការសង្ស័យពួកគេក៏នាំគ្នាចេញមកមើលក៏ឃើញជនសង្ស័យចំនួនពីរកំពុងតែនាំគ្នាជញ្ជូនសម្ភារ:ដែលពួកគេធ្វើសកម្មភាពលួចបានជាច្រើនចេញពីក្នុងឃ្លាំងយកមកដាក់នៅខាងក្រៅឃ្លាំងភ្លាមៗនោះប្រជាពលរដ្ឋគាត់នាំគ្នាស្រែកឆោឡោធ្វើឲ្យជនសង្ស័យនាំគ្នាភ័យស្លន់ស្លោររត់ចូលទៅក្នុងបឹងខាងក្រោយកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុភ្លាម ប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការពិនិត្យនៅកន្លែងកើតហេតុ ដោយបានឃើញជណ្ដើរដែកមួយដែលជនសង្ស័យសំរាប់ធ្វើសកម្មភាពនិងឧបករណ៍មួយស្បោងទៀតទុកនៅនឹងកន្លែងកើតហេតុក៏ដូចជាសម្ភារ:ដែលជនសង្ស័យលួចបានជាច្រើនផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រមូលសម្ភារ:ដែលជនសង្ស័យធ្វើសកម្មភាពលួចយកមករក្សាទុកនឹងទំនាក់ទំនងទៅម្ចាស់ឃ្លាំងដើម្បីមកទទួលប្រគល់ជូនវិញ។ ចំណែកជនសង្ស័យសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវផងដែរ៕