សម្តេចតេជោ​ ហ៊ុន សែន សម្រេចបញ្ចេញថវិកាចំនួន៣០លានដុល្លារដើម្បីបន្តកសាងមន្ទីរពេទ្យកាល់ម៉ែត្រ អាគារកំពស់១២ជាន់

70

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបញ្ចេញថវិការរដ្ឋចំនួន ៣០​លាន​ដុល្លារ ដើម្បីបន្តកសាងអាគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យកាល់ម៉ែត្របានសាងសង់បាន១៧ភាគរយរួចមកហើយក្នុងតម្លៃ ៣៩លាន ៧សែនដុល្លា។

ការសម្រេចផ្តល់ថវិកាដល់មន្ទីរពេទ្យកាលម៉ែត្រ ខណៈមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាជនប៉ុន្តែមន្ទីរពេទ្យក៍ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកា សម្រាប់ការសាងសង់អាគារថ្មីនិងទិញសម្ភារៈសម្រាប់បំពាក់ទាំងអាគារថ្មីនិងអាគារដែលមានរួចមកហើយ។

សម្តេចតេជោបន្តថា «សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអាគារថ្មីនិងអាគារចាស់ខ្ញុំបានចលនាសប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លាគិតត្រឹមម៉ោង៤ល្ងាចថ្ងៃ២៤​វិច្ឆកា​២០១៩នេះ ដែលសង្ឃឹមថា នឹងមានសប្បុរសជនចូលរួមបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរបង្អែករបស់ជាតិកម្ពុជាយើង»។

ជាមួយគ្នានេះ សម្តេចតេជោ សូមអរគុណចំពោះសប្បុរសជនដែលបានចូលតាមការអំពាវនាវរបស់សម្តេចតាមពាក្យស្លោក(បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស) និងសូមកោតសសើរចំពោះវេជ្ជបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការផ្តល់ថវិកាបន្តសាងសង់មន្ទីរពេទ្យកាល់ម៉ែតនេះធ្វើឡើង
បន្ទាប់ពីសម្តេច បានកំដរម្តាយក្មេករបស់សម្តេចនៅមន្ទីរពេទ្យកាលម៉ែតអស់រយៈពេលបីថ្ងៃ ហើយបានពិនិត្យឃើញអំពីការខ្វះខាតនិងតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជនរបស់មន្ទីរពេទ្យមួយនេះ។

ដោយឡែកជុំវិញស្ថានភាពនៃជំងឺម្តាយក្មេករបស់សម្តេច សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះវេជ្ចបណ្ឌិត គ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។ បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយ ក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួត អស់ចិត្តដែរ ព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេ ម្ល៉េះសមម្តាយក្មេកខ្ញុំបានលាចាកលោកនេះ តាំងពីថ្ងៃម្សិលមិញមកម្លេះ ព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ តែដោយសារ ភាពជំនាញរបស់គ្រូពេទ្យនោះហើយ ដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត៕