រន្ធត់ណាស់​ ​រថយន្ត​ដឹក​ពលករ​ខ្មែរ​ បុក​នឹង​រថយន្ត​អ្នក​ដំណើរ របួស​ធ្ងន់ស្រាល​១៥​នាក់ ​ក្នុង​នោះ​កុមារ​៣​នាក់​

310

បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ប្រទេស​ថៃ ​រវាង​រថយន្ត​ដឹក​ពលករ​ទៅធ្វើ​ការ​បេះ​ផ្លែ​មៀន ​បុក​ជាមួយ​រថយន្ត​អ្នកធ្វើដំណើរ​ បណ្ដាល​ឲ្យ​មាន​ពលករ​ខ្មែរ​រង​របួស​ចំនួន​១៥​នាក់ ក្នុងនោះ​មាន​កុមារ​រងរបួស​ចំនួន៣​នាក់​ផង​ដែរ កាលពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ចំណុច​ផ្លូវជាតិ​វ៉ាង​ណា​ម​យ៉េន ត្រង់​ផ្លូវបំបែក​សួន​ប៉ា ក្នុង​ស្រុក​វ៉ាង​ណា​ម​យ៉េន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។​

បើតាម​ការអះអាង​រប​ស់​តម្រួតនៅ​ស្រុកថៃ​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​នោះ​ មាន​រថយន្ត​ដឹក​ពលករ​ខ្មែរ​ធ្វើការ​បេះ​ផ្លែ​មៀន​១​ក្រុម​ លុះ​បើក​ទៅដល់​ចំណុចកើតហេតុ​នោះ​ ស្រាប់តែ​បើក​ទៅ​បុក​នឹង​រថយន្ត​អ្នកធ្វើដំណើរ ​បណ្ដាល​ឲ្យ​មាន​ពលករ​ខ្មែរ​ជិះ​ក្នុង​រថយន្ត​រង​របួស​រដូករណែល​ពេញ​ថ្នល់​ជាតិ​ ហើយ​សមត្ថកិច្ច​បាន​រាប់​មនុស្ស​ឃើញ​ចំនួន​របួស​ធ្ងន់/ស្រាល​មាន​១៥​នាក់ ក្នុង​នោះ ក៏មាន​កុមារ​រង​របួស​​៣​នាក់​ផងដែរ។​

ក្នុង​ហេតុការណ៍​ខាង​លើ​​នោះ​ដែរ តម្រួត​ថៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពី​កើតហេតុ​ហើយ​ជនរងគ្រោះ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែក​រថយន្ត​ សមត្ថកិច្ច​ថៃ​អូស​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕