គួរឲ្យរន្ធត់ណាស់!! រថយន្ត៥៧០ ផ្លាកលេខរដ្ឋ បើកបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកគោ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ

318

ខេត្តប៉ៃលិន៖រថយន្ត៥៧០ មួយគ្រឿង បានបើកបុក ម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកគោ បណ្ដាលឲ្យស្លាប់ មនុស្សម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ។
នគរបាល ខេត្តប៉ៃលិន បានឲ្យដឹងថា ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង ១២ និង ៤០ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ រវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក ដឹកគោ ស្ថិតនៅចំណុចផ្លូវបំបែកចូលអូខ្យងក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ សឺក គឿន ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ដល ខេត្តបាត់តំបង បើកបរម៉ូតូម៉ាក WAVE ពណ៌ទឹកប៉ិច សណ្ដោងរ៉ឺម៉ក គ្មានផ្លាក់លេខ ស្លាប់នៅកន្លែងកើតហេតុ។

រថយន្តបង្កម៉ាក LEXUS 570 ពណ៌ក្រហម ពាកផ្លាកលេខ រដ្ឋ០៦ 2-4699 ខូចខាតស្រាល ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានធ្វើការរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុករថយន្ត នៅនឹងកន្លែងកើតហេតុ។

បើតាមនគរបាលបញ្ជាក់ថា ករណីនេះ មូលហេតុបណ្តាល មកពីកត្តាមនុស្ស បើកបរ ខ្វះការប្រុងប្រយ័ត្ន មិនមើល ឧបសគ្គពីខាងមុខ ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែករថយន្ដ និងរ៉ឺម៉កត្រូវបានកម្លាំងជំនាញ ចរាចរណ៍ផ្លូវគោក យកមករក្សាទុកនៅ ស្នងការដ្ឋាននគរបាល ខេត្ដប៉ៃលិន ដើម្បីរងចាំធ្វើការដោះស្រាយ៕SR