ពិតជាសាហាវខ្លាំងណាស់!!​ ​កូនប្រុសបង្កើតកាប់សម្លាប់ ម្តាយខ្លួនឯងជាកង់ៗញាត់ចូលក្នុងទឹកកក

10736

(បាកក)៖ បំណែកសាកសពរបស់ស្ត្រីម្នាក់ ត្រូវបានគេរកឃើញនៅក្នុងទូរទឹកកក ហើយកូនប្រុសរបស់ស្ត្រីរូបនេះបានស្លាប់ ដោយមានស្នាមគ្រាប់កាំភ្លើងចំក្បាល ក្នុងផ្ទះមួយនៅឯទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

បន្ទាប់ពីទទួលដំណឹងនៅល្ងាចថ្ងៃចន្ទនេះ ប៉ូលិសក្នុងតំបន់ Tha Kham បានធ្វើដំណើរជាបន្ទាន់ទៅកាន់ផ្ទះមួយ ស្ថិតនៅ សង្កាត់ Soi Tha Kham 28 ក្នុងអនុស្រុក Samae Dam ស្រុក Bang Khun Thain នៅក្នុងតំបន់ Thonburi។ ពេលទៅដល់ កន្លែងកើតហេតុប៉ូលិសបានរកឃើញបំណែកសាកសពចំនួន៥ ក្នុងនោះរួមមានដៃ ជើង និងដងខ្លួន ដែលមានស្នាមរបួស៩កន្លែង និងស្នាមរបួសលើ ក។ លើសពីនេះទៅទៀត ពួកគេក៏បានប្រទះកូនប្រុសស្ត្រីរងគ្រោះដេកដួល ដោយមានស្នាមគ្រាប់កាំភ្លើង នៅចំក្បាលផងដែរ និងមានកាំភ្លើងខ្លីមួយដើមនៅក្បែរខ្លួន ហើយរូបគេបានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ Nakhon Thon។

គួរបញ្ជាក់ថា មិត្តភក្តិម្នាក់របស់ស្ត្រីរងគ្រោះ គឺជាអ្នករកឃើញបំណែកសាកសពនៅក្នុងទូរទឹកកក។ ស្ត្រីរូបនេះ បានទៅផ្ទះស្រ្តី រងគ្រោះដើម្បីពិភាក្សាគ្នាពីរឿងរកស៊ី បន្ទាប់ពីមិនអាចទាក់ទងគាត់តាំងតែពីម៉ោង៨យប់ ថ្ងៃអាទិត្យកន្លងទៅ។ នៅពេលទៅដល់ កូនប្រុសស្ត្រីរងគ្រោះគឺជាអ្នកចេញមកទទួល ដោយប្រាប់ថាម្ដាយមិននៅ។ ប៉ុន្តែស្ត្រីជាមិត្តភក្តិ នៅតែទទូចចង់ចូលក្នុងផ្ទះដដែល រហូតដល់ប្រទះឃើញបំណែកសាកសព នៅក្នុងទូរទឹកកកតែម្ដង ហើយក្នុងពេលនោះ បុរសជាកូនក៏រត់ទៅយកកំាភ្លើង បាញ់សម្លាប់ខ្លួនឯងតែម្ដង។

ចំណែកឯ ប៉ូលិសថៃមិនទាន់ធ្វើការបញ្ជាក់លម្អិតពីឃាតកម្មដ៏សាហាវនេះទេ ដោយគ្រាន់តែឱ្យដឹងថាស្ត្រីមេម៉ាយជាជនរងគ្រោះ មានអាយុ៤២ឆ្នាំ និងកូនប្រុសមានអាយុ២០ឆ្នាំ ដែលជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានបច្ចេកវិទ្យាមួយ បានរស់នៅជាមួយគ្នាក្នុងផ្ទះ កើតហេតុអស់រយៈពេលជាង៣ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ បើតាមសាច់ញ្ញាតិ ក៏បានប្រាប់ប៉ូលិសដែរថាកូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ៕