ថ្លើមធំពាសមេឃ ជនជាតិវៀតណាមនាំគ្នីគ្នា មកខួងរកថ្មម៉ាប នៅស្រុកឱរ៉ាល់…

(កំពង់ស្ពឺ)៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាជនជាតិខ្មែរ និងវៀតណាម ចំនួន៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីយកម៉ាស៉ីនខួង ទៅខួងរកថ្មម៉ាប នៅដែនជម្រកបរិស្ថាន ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

យ៉ាងណាមិញ លោក ញ៉ែម សៅ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ជនសង្ស័យទាំង ៥នាក់នោះ រួមមាន៖ ជនជាតិខ្មែរ៣នាក់ និងជនជាតិវៀតណាម២នាក់។ ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួនពីបទលួចធនធានធម្មជាតិខុសច្បាប់ ដែលប្រព្រឹត្តិនៅភូមិក្បាលដំរី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកបន្តថា កន្លងមក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានជនជាតិវៀតណាម ៣នាក់ និងខ្មែរម្នាក់ បានយកម៉ាស៉ីនខួង ទៅខួងដីនៅដែនដីជម្រកបរិស្ថាន របស់ក្រសួងបរិស្ថាន ដោយគ្មានច្បាប់អនុញ្ញាតត្រូវត្រូវ ដើម្បីរុករកធនធានធម្មជាតិជាប្រភេទថ្មម៉ាប។

ក្រោយមកថ្មីៗនេះ មានអង្គការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានឃើញសកម្មភាពបែបនេះ ក៏បានរាយការណ៍ទៅសមត្ថកិច្ច។ ក្រោយមកពួកឈ្មួយដែលជាជនសង្ស័យទាំងនោះ បានរុះរើសម្ភារខួងដី យកទៅរក្សាទុកនៅឯផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ ឈន ធុល ដែលផ្ទះនោះមានចម្ងាយជាង ១គីឡូម៉ែត្រ ពីទីកន្លែងធ្វើសកម្មភាពខួងដី។
បន្ថែមពីនេះ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងបន្តថា ក្រោយពីលាក់ទុកសម្ភារខួងដីរួចហើយ ជនសង្ស័យវៀតណាមចំនួន ៣នាក់ បានរត់មករាជធានីភ្នំពេញ នៅសល់ជនសង្ស័យម្នាក់ឈ្មោះ ទីន សិដ្ឋ។ ជនសង្ស័យ ទីន សិដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងប្រាប់ឲ្យទាក់ទងទៅបក្ខពួក។

រួចចុងក្រោយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានជនជាតិខ្មែរ២នាក់ និងជនជាតិវៀតណាម២នាក់ បានទៅយកសម្ភារខួងដីនោះ ដែលបានលាក់ទុកនៅឯផ្ទះឈ្មោះ ឈន ធុល នៅឯខេត្តកំពង់ស្ពឺវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងអស់តែម្តង។

គួរបញ្ចាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងធ្វើសកម្មភាព (ម៉ាស៊ីនខួង ទុយោ…) កំពុងត្រូវបានរក្សាទុក និងឃាត់ជាខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​