តែប៉ុននេះកសិករយើង មានទឹកមាត់លេបវិញហើយ កម្ពុជានឹងនាំផ្លែស្វាយ ទៅកាន់ទីផ្សារកូរ៉េ នាខែធ្នូឆាប់ៗនេះ

77

នេះបើតាមការ ប្រកាសរបស់លោក Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទ នៃសាធារណៈរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩។

បើតាមហ្វេសប៊ុកក្រសួងកសិកម្ម លោក Kim Hyeon-Soo បានបញ្ជាក់ថា “ភាគីកូរ៉េបានអនុម័តរួចហើយ នូវការអនុញ្ញាតិឲ្យនាំចូលស្វាយ ពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដូច្នេះក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងអាចនាំចូលស្វាយ មកកូរ៉េបានហើយ” ។

ជាការឆ្លើយតប លោក វេង សាខុន ថ្លែងអំណរគុណភាគីកូរ៉េចំពោះដំណឹងដ៏ល្អនេះ ។

សូមបញ្ជាក់ថា មុនពេលឲ្យមានការនាំចេញស្វាយទៅកូរ៉េ ក្រសួងកសិកម្ម ក៏បានជួយកសិករឲ្យបង្កើនចំណេះដឹង និងបច្ចេកទេសក្នុងការដាំដុះ។ ដោយមានកិច្ចចរចាផ្លូវរដ្ឋ បច្ចុប្បន្នផ្លែស្វាយកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារថៃ និងវៀតណាម ។ កន្លងមក ក្រុមហ៊ុន ម៉ុង ឫទ្ធី ក៏បាននាំចេញស្វាយមួយចំនួន ទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ។ ចំពោះទីផ្សារចិនក៏មានគម្រោងនាំចេញផងដែរ។

របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយនៅទូទាំងប្រទេសមានចំនួន ប្រមាណ១០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ៨ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបានជាង១៥ តោន ក្នុងមួយហិកតា បើគិតសរុបពេញមួយរដូវវិញ គឺមានជាង ១លាន ២សែនតោន ក្នុងមួយរដូវ៕