គួរឱ្យសរសើរមែន!! ក្មេងប្រុសអាយុ ១០ឆ្នាំ សុខចិត្តដាំបន្លែលក់ចញ្ចឹមជីវិត ដាច់ខាតមិនលើកដៃសុំទានគេ ក្រោយពីឪពុក និងជីដូនស្លាប់ចោល

441

ថ្មីៗនេះ​ក្មេងប្រុសវ័យ១០ម្នាក់នៅឯប្រទេសវៀតណាម កំពុងទទួលបានក្ដីអាណិតអាសូរយ៉ាងខ្លាំងពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ព្រោះតែគេសុខចិត្តរស់នៅម្នាក់ឯង ដោយដាំដំណាំចិញ្ចឹមជីវិត ក្រោយពីឪពុក និងជីដូនស្លាប់បាត់ទៅ។

ប្រភពបានឲ្យដឹងថា ក្មេងប្រុសរូបនោះមានឈ្មោះថា Dang Van Khuyen និងមានឪពុកជា កម្មករសំណង់ ដែលទុកឲ្យគេរស់នៅជាមួយនឹងជីដូននៅក្នុងភូមិ។ Dang Van និងជីដូន គឺរស់នៅដោយពឹងផ្អែកទៅលើប្រាក់ដែលឪពុករបស់ Dang Van ផ្ញើមកឲ្យ។ មិនយូរប៉ុន្មាន ជីដូនបានស្លាប់បាត់ទៅដោយសារជំងឺចាស់ជរា ដែលបន្សល់ទុកឲ្យ Dang Van រស់នៅម្នាក់ឯង។ ក្រោយមកទៀត ខណៈពេល Dang Van នៅសាលារៀន គេបានទទួលដំណឹងពីការស្លាប់របស់ឪពុក ដែលបានជួបគ្រោះថ្នាក់កំឡុងពេលធ្វើការ។

បន្ទាប់ពីលែងមានគ្រួសារនៅជាមួយតទៅទៀត Dang Van ត្រូវបង្ខំចិត្តរស់នៅម្នាក់ឯង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងទីពឹងខ្លួនឯង។ បើទោះបីជាជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏ Dang Van នៅតែអាចមើលថែខ្លួនបានយ៉ាងល្អ។ មានថ្ងៃខ្លះ អាកាសធាតុក្ដៅខ្លាំង ឬភ្លៀង Dang Van តែងតែទៅសាលារៀនជាប្រចាំ មិនដែលខកខានមួយថ្ងៃណាឡើយ។ Dang Van បានប្រើប្រាស់ជីវិតឯករាជ្យ ដោយការដាំដំណាំដើម្បីចិញ្ចឹមជីវិត។

ប្រភពបានបន្ដថា ខាងសាលារៀន និងរដ្ឋាភិបាលក្នុងតំបន់ បានព្យាយាមស្វែងរកគ្រួសារណាមួយ ដើម្បីទទួល Dang Van យកទៅចិញ្ចឹម ប៉ុន្ដែគេបដិសេធមិនព្រម និងចង់រស់នៅម្នាក់ឯង។ ចំណែកគ្រូបន្ទុកថ្នាក់របស់ Dang Van បានចំណាយប្រាក់អស់ចំនួន១០លានដុង (ប្រមាណ៤៣១ដុល្លារអាមេរិក) ដើម្បីដឹកសាកសពឪពុករបស់ Dang Van ត្រលប់មកភូមិវិញដើម្បីបញ្ចុះ។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវជីវិតរបស់ Dang Van មានភាពល្បីល្បាញនៅលើបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួនស្ម័គ្រចិត្តទទួលយកគេទៅចិញ្ចឹម ប៉ុន្ដែគេនៅតែបដិសេធដដែល៕