សូមប្រុងប្រយត្ន័!! ឆ្លើយបែបនេះបានទៀត ប៉ូលិសស័ក្តិ៣ក្លែងក្លាយម្នាក់ កៀបស៊ីពលរដ្ឋតាមផ្លូវនៅពេលយប់ ដល់ពេលសមត្ថកិច្ចសួរនាំ សារភាពថា

10214

រាជធានីភ្នំពេញ៖ ប៉ូលិសក្លែងក្លាយពាក់ឯកសណ្ឋានស័ក្តិ៣ ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកៀបស៊ីយុវជនម្នាក់នៅតាមផ្លូវនាពេលយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប៉ូលិសក្លែងក្លាយរូបនោះមានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅម្ដុំទួលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ចំណែកឯជនរងគ្រោះមានឈ្មោះ ជា សុផាណាត់ អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-1609 ធ្វើដំណើរពីរង្វង់មូលចោមចៅទៅតាមផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ ឯកសណ្ឋានប៉ូលិសស័ក្តិ៣ ជិះម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-9499 ជិះតាមពីក្រោយ ហើយបានកាក់ម៉ូតូខ្លួន ដើម្បីធ្វើការសុំឆែកឆេរ។ ក្រោយឆែកឆេររួចរកមិនឃើញអ្វីទេនោះ ប៉ូលិសរូបនោះគំរាមយកជនរងគ្រោះទៅខណ្ឌ ដើម្បីពិនិត្យទឹកនោម បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ក្រោយសួរនាំរួច ទើបបុរសរូបនោះសារភាពថា ខ្លួនជាសមត្ថកិច្ចក្លែងក្លាយទេ ហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លា ព្រោះស្រលាញ់ខោអាវប៉ូលិសពេក ។ បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី៕