តិចច្រឡំថា ចិនសម្រុកមករកស៊ីច្រើននៅតែខ្មែរ នៅថៃមានជិត១០លាននាក់ឯណោះ

67

អ្នករកស៊ី និងអ្នកវិនិយោគិនប្រទេសចិនជាច្រើន បានសម្រុកមករកស៊ីនៅកម្ពុជាយើង ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ហើយវិស័យសំខាន់ៗមានភាពរស់រវើកខ្លាំង មានអចលនទ្រព្យ សំណង់ ធនាគារ កសិកម្មជាដើម។ ដោយសារឥទ្ធិពលនៃការវិនិយោគរបស់ចិន ធ្វើឱ្យតំបន់សំខាន់មានការរីកចម្រើន​នឹកស្មានមិនដល់ដូចជា៖ក្រុងភ្នំពេញ ព្រះសីហនុ ប៉ោយប៉ែតជាដើម។

ស្របពេលដែលចិនសម្រុកមករកស៊ីនៅខ្មែរធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ក៏មានក្តីបារម្ភខ្លះពីសំណាក់ប្រជាពលរដ្ឋមួយចំនួនយល់ថា មានបញ្ហាសណ្ឋាប់ធ្នាប់ និងអសន្តិសុខ។ តែដោយមានការអនុញ្ញាតច្បាប់ត្រឹមត្រូវ បញ្ហាខាងលើមិនជាចោទប៉ុន្មានទេ។ ហើយថ្មីៗនេះជនជាតិចិនដែលរកស៊ីកាស៊ីណូអនឡាញក៏បានចាកចេញពីប្រទេសកម្ពុជា ដោយសារតែយើងប្រកាសបិទអាជីវកម្មប្រភេទនេះ។

ជុំវិញក្តីកង្វល់នេះ អ្នកជំនាញអចលនទ្រព្យលោកសុត វីរៈ បានលើកឡើងថា កុំបារម្ភថាជនជាតចិនសម្រុកមករកស៊ីតែនៅខ្មែរយើងនោះ ពួកគេបានចេញរកស៊ីនៅទូទាំងពិភពលោក ហើយមានចំនួនច្រើនណាស់ នៅស្រុកខ្មែរយើងមានចំនួនតិចនៅឡើយទេ បើធៀបនឹងប្រទេសថៃមានជិត១០លាននាក់ឯណោះ។ ដូច្នេះ ជនជាតិចិនមកសព្វថ្ងៃនៅតិចនៅឡើយ។

អ្នកជំនាញរូបនេះបន្តថា កត្តាសំខាន់ដែលចិនងាកមកវិនិយោគរកស៊ី ហើយរយៈកាលចុងក្រោយនេះផ្តោតសំខាន់ការវិនិយោគខុនដូនៅខ្មែរ ដោយសារតែតម្លៃដីក្រុងភ្នំពេញនៅតម្លៃធូរថ្លៃ បើធៀបនឹងក្រុងបាំងកក ប្រទេសថៃ ថ្លៃជាងយើងប្រហែល៣ដង រីឯងក្រុងហូជីមីងរបស់វៀតណាម ថ្លៃជាងយើងទៅ៤ដងឯណោះ។ ដោយសារតែតម្លៃដីធូរថ្លៃ ធ្វើឱ្យតម្លៃខុនដូអាចមានតម្លៃទាបដែល ងាយស្រួលលក់ទៅដល់អតិថិជនគោលដៅ អាចក្នុងស្រុក និងក្រៅស្រុក។

ហើយកត្តាសំខាន់មួយទៀត ប្រព័ន្ធផ្លូវច្បាប់យើងអំណោយផលល្អ សម្រាប់អ្នកវិនិយោគ ហើយអនុញ្ញាតឱ្យកាន់កាប់កម្មសិទ្ធិខុនដូ គ្មានការកំណត់ដូចនៅចិន ម្ចាស់មានសិទ្ធិកាន់កាប់ត្រឹមតែ៧០ឆ្នាំតែប៉ុណ្ណោះ។បើក្រឡេកមើល ហិរញ្ញវត្ថុវិញយើងប្រើប្រាស់រូបិយបណ្ណដុល្លារ កាន់តែបង្កលក្ខណៈងាយស្រួលដល់ការបណ្តាក់ទុនវិនិយោគ មិនបារម្ភពីហានិភ័យ​អតិផរណារូបិយបណ្ណ។

ម្យ៉ាងវិញទៀត យើងត្រូវការជនជាតិចិនមករកស៊ី និងវិនិយោគនៅខ្មែរយើងកាន់តែច្រើនថែមទៀត ដើម្បីឱ្យប្រទេសយើងមានការរីកចម្រើនខ្លាំង រហ័សទៅមុខ។ មិនត្រឹមតែជនជាតិចិនទេ យើងស្វាគមន៍អ្នកវិនិយោគិនគ្រប់ទិសទីទាំងអស់ជុំវិញពិភពលោក ឱ្យតែពួកគេចាប់អារម្មណ៍វិនិយោគ និងរកស៊ី។

ជាការពិតណាស់ ប្រជាពលរដ្ឋខ្មែរយើងមានក្តីបារម្ភខ្លាំង ពាក់ព័ន្ធនឹងចិនខុសច្បាប់ និងមករកស៊ីមិនគោរពតាមច្បាប់កម្ពុជា ធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់ និងសន្តិសុខ តែថ្មីៗក្រោមការរឺតបន្ទឹងច្បាប់ មានការបិទអាជីវកម្មកាស៊ីណូអនឡាញ ចិនលេងល្បែងបានចាក់ចេញពីប្រទេសកម្ពុជាយើងច្រើនដែរ សល់តែអ្នករកស៊ី និងវិនិយោគដែលគោរពតាមច្បាប់កម្ពុជា៕