គួរឱ្យច្រណែន!! ថៃ កែឆ្នៃបឹងកណ្តាលក្រុងបាងកក ទៅជាទីតាំងទេសចរណ៍ រកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ

80

រដ្ឋាភិបាល ក្រុមហ៊ុនទេសចរណ៍ ក៏ដូចជាផ្ទះសំណាក់សណ្ឋាគារ បានប្រើប្រាស់រូបភាព និងសារជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅកំសាន្ត ក្នុងនោះក៏មានភ្ជាប់រូបភាពបឹងក្នុងរាជធានីបាងកកផងដែរ រួមទាំងបឹងធម្មជាតិ និងបឹងសិប្បនិម្មិត។​

នៅបាងកកមានឧទ្យានសាធារណៈជាង៣០ ក្នុងនោះកន្លែងល្បីៗហើយលេចធ្លោខ្លាំងមានជាង១០កន្លែង។ នៅតាមទីឧទ្យានសាធារណៈទាំងនោះភាគច្រើនគឺមានបឹងនៅភ្ជាប់ជាមួយ។

នៅជុំវិញមាត់បឹងមានដាំផ្កា រៀបចំទុកចន្លោះសម្រាប់អ្នកដើរហាត់ប្រាណ អ្នករត់ និង អ្នកជិះកង់។ កន្លែងទាំងនោះ ក៏មានដើមឈើធំៗដែលបង្កបរិយាកាសឱ្យសត្វស្លាបមួយចំនួន​រស់នៅបានទៀតផង។​ តំបន់ទាំងនោះ អាជ្ញាធរហាមដាច់ខាតមិនឱ្យជក់បារី ឬទទួលទានគ្រឿងស្រវឹងទេ។

​ឧទ្យានដែលពេញនិយមជាងគេគឺ ឡំភីនី (Lumphini) ទំហំ៥៧ហិកតា បង្កើតឡើងកាលពីឆ្នាំ១៩២០។ កាលពីការបង្កើតដំបូង ឧទ្យាននេះនៅជាយក្រុងបាងកក ប៉ុន្តែ ក្រោយមកអភិវឌ្ឍន៍ទីក្រុងចេះតែរីក ឧទ្យានក្លាយជាកន្លែងកណ្តាលទីក្រុងវិញ ប៉ុន្តែ ទីតាំងនៅតែរក្សាទុកដដែល។ កន្លែងនេះ ក្រៅពីសត្វក្នុងទឹក និងសត្វស្លាប ក៏មានសត្វក្រកួតយក្សដើរធម្មតាបង្ហាញខ្លួនឱ្យភ្ញៀវទេសចរមើល។​​

ឧទ្យានដែលល្បីលេចធ្លោទី២នៅបាងកកគឺ បេនចាគីតទី (Benjakitti) នៅជុំវិញនោះពោរពេញទៅដោយអគារខ្ពស់ៗ មានដូចជា សណ្ឋាគារ ផ្សារទំនើប និងក្រុមហ៊ុនផ្សេងៗទៀត។ ទោះយ៉ាងណា អ្នកដែលចូលក្នុងបរិវេណឧទ្យាននេះហាក់មានអារម្មណ៍ថា ក្នុងព្រៃឆ្ងាយដាច់ពីទីក្រុងប្រជុំជន ព្រោះក្នុងបឹងនៅទីនោះមាន អណ្តើក និងត្រី បង្ហាញខ្លួនឱ្យអ្នកទេសចរ ឬអ្នកដើរហាត់ប្រាណអាចមើលឃើញ។ ចំណែកលើដើមឈើ សត្វស្លាបហើរចុះឡើងនៅទីនោះ។​

បើនិយាយពីបាងកកទាំងមូល គឺរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញថា គិតត្រឹមឆ្នាំ២០១៥ ទីក្រុងនេះ​មានប្រជាជនរស់នៅជាង១០លាននាក់​។ ប្រជាជនចេះតែកើនឡើង ភាពអាប់អួរក៏មានកាន់តែខ្លាំងដែរ ដូច្នេះ មនុស្សត្រូវការកន្លែងលំហែកាយ។​

បាងកកជាទីតាំងដែលមានភាពមមាញឹកផ្នែកពាណិជ្ជកម្មដោះដូរទំនិញ មានអគារខ្ពស់ៗ និង រថយន្តតាមដងផ្លូវកកស្ទះជាច្រើន ទោះជាទីនោះមានផ្លូវរថភ្លើង និងផ្លូវអាកាសសម្រាប់កាត់បន្ថយភាពកកស្ទះក៏ដោយ។

នៅក្នុងទីក្រុងបាងកក មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងៗគ្នាទៅកំសាន្ត។ របាយការណ៍រដ្ឋាភិបាលថៃបង្ហាញថា នៅឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរ ៣៨លាននាក់ ហើយនៅឆ្នាំ២០១៩នេះ សង្ឃឹមទទួលបាន ៤១លាននាក់។​

​បឹងក្រៅពីក្លាយជាកន្លែងពេញនិយមសម្រាប់ទាក់ទាញភ្ញៀវទេសចរ សម្រាប់​អ្នកនៅក្នុងទីក្រុងហាត់ប្រាណ អង្គុយលំហែកាយ ដើម្បីបន្ថយភាពតានតឹង ក៏ជាកន្លែងរំដោះទឹកជំនន់ទឹកភ្លៀង ឬ ជំនន់ទឹកឡើងក្នុងរដូវវស្សាផងដែរ។​