ជឿអត់!? មានលុយតែ ៦០ម៉ឺនរៀល ឬ 150$ ដើរលេងថៃបាន ៣ថ្ងៃ ហើយសល់លុយទិញឥវ៉ាន់ទៀត

58

ធម្មតា​ឲ្យ​តែ​ទៅ​លេង​នៅ​ស្រុក​ក្រៅ​គិត​ថា​ត្រូវ​ត្រៀម​លុយ​ច្រើន​រាប់​លាន​ តែ​តាម​ពិត​ទៅ​បើ​ដឹង​ពី​វិធីសាស្ត្រ​ទៅ​ដើរ​លេង​នៅ​ប្រទេស​ជិត​ខាង​ អ្នក​អាច​ចំណាយ​ប្រហាក់​ប្រហែល​នឹង​ការ​ដើរ​លេង​ក្នុង​ស្រុក​ដូច​ជា​ការ​ទៅ​លេង​នៅ​កំពង់សោម​ និង​សៀមរាប​ដូច្នេះ​ដែរ​។​

ថ្ងៃនេះ​យើងខ្ញុំសូម​ផ្តល់​ជូន​នូវ​ដំបូន្មាន​មួយ​ចំនួន​ដើម្បី​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់់​អ្នក​ដែល​មាន​គម្រោង​ទៅ​លេង​ប្រទេស​ថៃ​ ដែល​មាន​ថវិកា​ត្រឹមតែ​ ៦០​ ម៉ឺន​រៀល ​(១៥០​ ដុល្លារ)។​​ការ​ចំណាយ​ដំបូង​ទីមួយ​ របស់​អ្នក​គឺ​ការ​ចំណាយ​លើ​ថ្លៃ​រថយន្ត​ក្រុង​ ដែល​អ្នក​ត្រូវ​ចំណាយ​ ២១​ ដុល្លារ​ពី​ភ្នំពេញ​ទៅ​បាងកក​ ហើយ​តម្លៃ​រថយន្ត​ក្រុង​ពី​បាងកក​មក​ភ្នំពេញ​គឺ​ថ្លៃ​ប្រហែល​នេះ​ដែរ​។​

ដូច្នេះ​ត្រូវ​ចំណាយ​ប្រហែល​ ៤០-៤៥​ ដុល្លារ​សម្រាប់​ការ​ធ្វើដំណើរ​។​ចំណុច​សំខាន់​ទី​ពីរ​ការ​ចំណាយ​លើ​សណ្ឋាគារ​ ឬ​ផ្ទះ​សំណាក់​។ ជា​ធម្មតា​យើង​តែងតែ​ទៅ​ជា​ក្រុម​ជាមួយ​មិត្តភក្តិ​ ដែល​នេះ​ជា​ចំណុច​ល្អ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ​ការ​ស្នាក់​នៅ​។​ តម្លៃ​ធម្មតា​នៃ​បន្ទប់​មួយ​មាន​តម្លៃ​ ២៥ ដុល្លារ​ដូច្នេះ​ប្រសិន​បើ​យើង​សម្រាក​គ្នា​ពីរ​នាក់​ នោះ​យើង​នឹង​ចំណាយ​ ១៣ ដុល្លារ​ក្នុង​មួយ​យប់​តែ​ប៉ុណ្ណោះ​។​ ប្រសិន​បើ​អ្នក​ស្នាក់​នៅ​តែ​ឯង​ក៏​អ្នក​អាច​ស្នាក់​នៅ​ hostel (ផ្ទះ​សំណាក់​ស្នាក់​នៅ​រួម)​ បាន​ដែរ​ ​ដូច្នេះ​អ្នក​ចំណាយ​ប្រហែល​ ១៣ ដុល្លារ​ដូច​គ្នា​ តែ​អ្នក​ត្រូវ​ស្នាក់​នៅ​ជាមួយ​ភ្ញៀវ​ផ្សេង​ទៀត​។​

ជារួម​ត្រង់​ចំណុច​នេះ​អ្នក​ត្រូវ​ចំណាយ​ប្រហែល​ ៤០​ ដុល្លារ​សម្រាប់​ការ​ស្នាក់​នៅ ៣​ យប់​។​​ហើយ​ចំណុច​ទី​បី​ក៏​មិន​អាច​ខ្វះ​បាន​ដែរ​ព្រោះ​យើង​ត្រូវការ​ញ៉ាំ​អាហារ​ដើម្បី​មាន​កម្លាំង​ដើរ​កម្សាន្ត​។​ ​ជា​ធម្មតា​អ្នក​ចំណាយ​ ៣​ ដុល្លារ​សម្រាប់​មួយ​ពេល​ អ្នក​អាច​ញ៉ាំ​បាន​ល្មមគ្រប់គ្រាន់។​ ដូច្នេះ​អ្នក​ត្រូវ​ចំណាយ​ ២៥​ ដុល្លារ​ក្នុង​រយៈពេល​បី​ថ្ងៃ​ដោយ​គ្មាន​ក្តី​បារម្ភ​។​បន្ទាប់​ពី​ចំណាយ​លើ​ចំណុច​បី​សំខាន់​ខាង​លើ​ហើយ​ អ្នក​ត្រូវ​ចំណាយ​ប្រហែល​ ១៥​ ដុល្លារ​ទៀត​លើ​ថ្លៃ​តុកតុក​ រថភ្លើង​លើ​អាកាស​ ឬ​រថយន្ត​ក្រុង​។​

ហើយ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ចំណាយ​ត្រង់​ចំណុច​នេះ​ អ្នក​ត្រូវ​មាន​ផែនទី​លើ​ទូរស័ព្ទ​នៅ​ជាប់​ខ្លួន​ជានិច្ច​ ដូច្នេះ​អ្នក​អាច​ដើរ​ ​ជិះ​រថភ្លើង​លើ​អាកាស​ ឬ​តុកតុក​ជាមួយ​មិត្តភក្តិ​របស់​អ្នក​ប្រសិន​បើ​អ្នក​ស្គាល់​ទិសដៅ​ច្បាស់​។​ចំណុច​ចុង​ក្រោយ​អ្នក​នៅ​សល់​ ៥​ ដុល្លារ​ទៀត​ដើម្បី​ទិញ​វត្ថុ​អនុស្សាវវីយ៍​ តិចតួច​ ឬ​អាវយឺត​មួយ​នៅ​ផ្សារ​ប្រាទូណាំ​នៅ​កន្លែង​ដែល​ខ្មែរ​យើង​ស្នាក់​នៅ​ភាគ​ច្រើន​។​សរុប​មក​តាមរយៈ​ការ​គណនា​ខាង​លើ​អ្នក​នឹង​ចំណាយ​អស់​ ៥០​ ម៉ឺនរៀល​ ឬ​ ១២៥​ ដុល្លារ​ល្មមតាម​គម្រោង​នេះ​ តែ​ប្រសិន​បើ​អ្នក​ចង់​ទិញ​ឥវ៉ាន់​ច្រើន​ អ្នកត្រូវ​ចំណាយ​បន្ថែម​បន្តិច​ទៀត​។​

តែ​លោក​អ្នក​ក៏​ត្រូវ​មាន​ប្រាក់​មួយ​ចំនួន​ដើម្បី​បម្រុង​ក្នុង​ខ្លួន​ផង​ដែរ​ ​ដើម្បី​បង្ការ​ក្នុង​ករណី​មាន​បញ្ហា​ផ្សេង​ៗ​ ឬ​ចង់ទិញ​អ្វី​បន្ថែម​។​ ​សូម​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​របស់​អ្នក​។​,