បើតាមរយៈឯកសារមួយចំនួនបានបង្ហាញថា ការស្លៀកសំពត់ចងក្បិន ជាប្រពៃណីរបស់ឥណ្ឌាខាងត្បូង ដែលគេនាំចូលមកអតីតអាណាចក្រខ្មែរ (នគរភ្នំ ឬ ហ្វូណន) ជាលើកដំបូងបំផុត ដោយព្រះបាទ កោណ្ឌិន្យ ។ ចាប់តាំងពីពេលនោះមក ជនជាតិខ្មែរទាំងពីរភេទ បាននិយមស្លៀកក្បិនតៗគ្នារហូតមកទល់បច្ចុប្បន្ន ។ បច្ចុប្បន្ន សំពត់ចងក្បិននៅតែជាទីពេញនិយមស្លៀក តែនៅក្នុងពិធីប្រពៃណីមួយចំនួនប៉ុណ្ណោះ ព្រោះគេកម្របានឃើញយុវវ័យសម័យស្លៀកប្រចាំថ្ងៃណាស់ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់ អារម្មណ៍នាពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់នារីម្នាក់មានឈ្មោះថា Pheary Kh បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ចាប់អារម្មណ៍ពីលោកយាយពីរនាក់បងប្អូនបណ្ដើរគ្នាចូលផ្សារទំនើប ដោយស្លៀកសំពត់ចងក្បិន ដើរដោះស្បែកជើង និងពាក់ក្រវិលមាសបុរាណ។
ម្ចាស់គណនីបានបញ្ចេញរូបភាពទាំងនោះ លើហ្វេសប៊ុក ដោយសរសេរពាក្យពេចន៍មួយចំនួនថា៖ «យប់នេះ បានឃេីញលោកយាយពីរនាក់បងប្អូន និងក្រុមគ្រួសារកូនចៅរបស់គាត់ មកពីភូមិនគរក្រៅ ចូលលេងផ្សារ Lucky Mall, (ម្នាក់អត់ពាក់ស្បែកជេីង និងម្នាក់ទៀតពាក់ស្បែកជេីង) ពួកគាត់ស្លៀកក្បិនទាំងពីរនាក់ និងពាក់ក្រវិលមាសស្អាតណាស់ ហេីយក៏សុំថតរូបគាត់តែម្តងទៅ,???»។ បន្ទាប់ពីបង្ហោះសារបែបនេះហើយ មានបណ្ដាអ្នកនិយមលេងហ្វេសប៊ុកជាច្រើនបាន ចូលរួមបញ្ចេញមតិ និងចែករំលែករូបភាពទាំងនោះយ៉ាងច្រើនព្រោងព្រាត៕