ស៊យធំហើយ! អ្នកទិញទំនិញពីវេបសាយក្រៅស្រុក TaoBao ប្រហែលជាមិនអាចទទួលបានទំនិញនោះទេ ព្រោះនាវាដឹកទំនិញនោះបានលិចចូលសមុទ្រហើយ

108

សម្រាប់អ្នកដែលកំពុងទន្ទឹងរង់ចាំទំនិញពីវេបសាយអនឡាញថាវប៉ាវ ដែលបានលក់អីវ៉ាន់បញ្ចុះតម្លៃយ៉ាងច្រើនសម្បូរបែបកាលពីថ្ងៃ Single’s Day របស់ចិន ថ្ងៃទី១១ ខែវិច្ឆិកា (TaoBao 11:11) កន្លងទៅ ពួកគេប្រហែលជាមិនបានទទួលទំនិញទាំងនោះទេ។ ដោយយោងតាមរបាយការណ៍របស់ Sin Chew Daily បានឱ្យដឹងថា នាវាដឹកទំនិញមកពីតៃវ៉ាន់ ដែលបានដឹងកុងតឺន័រអីវ៉ាន់ពីហាងអនឡាញថាវប៉ាវនោះ បានលិចចូលសមុទ្របន្ទាប់ពីប៉ះគ្នាជាមួយនាវាមួយទៀត ហើយនារិក ២នាក់់ ក៏បានបាត់បង់ជីវិតទៅជាមួយផងដែរ។ យោងតាមរបាយការណ៍ មានសមាជិកនាវិកចំនួន ៧នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

ជាលទ្ធផលនៃការលិចកប៉ាល់ចេញពីតៃវ៉ាន់នោះ មានទំនិញជាង ៨៧៩តោន ដែលភាគច្រើនបានមកពីគេហទំព័រពាណិជ្ជកម្មអនឡាញរបស់ចិនថាវប៉ាវ ត្រូវបានខូចខាតចូលទឹក។ នេះជាលើកទីមួយហើយ ដែលថាវប៉ាវបានជួបប្រទះនូវឧប្បត្តិហេតុលិចលង់មួយ នៅអំឡុងពេលដឹកជញ្ជូនរបស់ពួកគេ។ រហូតមកដល់ពេលនេះអតិថិជនថាវប៉ាវជាង ១០០នាក់ហើយ ដែលបារម្មណ៍ថា អីវ៉ាន់ពួកគេត្រូវបាត់បង់ ហើយមិនអាចទទួលសំណងព្រោះពួកគេគ្មានគណនីនៅចិនដីគោក។ ប៉ុន្តែទោះយ៉ាងណាក៏ដោយថាវប៉ាវនិយាយថា ខ្លួនបានចាប់ផ្តើមដំណើរការសំណងជាបណ្ដើរៗហើយ តាមរយៈបណ្តាញទូទាត់ AliPay ។ ប្រសិនបើមានបញ្ហាកើតឡើងក្នុងអំឡុងពេលដំណើរការ ភ្នាក់ងារបម្រើអតិថិជននឹងត្រៀមខ្លួនជាស្រេចដើម្បីជួយ៕ ប្រភព៖ Khmer Note