រឿងដី៤០ហិកតា៖ អាជ្ញាធរ បកស្រាយថា «ធ្វើឡើងស្របតាមច្បាប់ជាតិ និង ច្បាប់អន្តរជាតិ»

106

មិនអាចនៅស្ងៀមតទៅទៀតបាន ចំពោះការរិះគន់របស់ប្រជាពលរដ្ឋ ដែលថាអាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏ដូចជារដ្ឋាភិបាល បានកាត់ដី៤០ហិកតា ឲ្យជនអន្តោប្រវេសន៍វៀតណាម អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចេញមកបកស្រាយជាផ្លូវការ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យ អះអាងថា ក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញផែនការរៀបចំឲ្យប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្តែតទឹកលើដងទន្លេសាប បម្លាស់ទីទៅរស់នៅលើដីគោក គឺធ្វើឡើងដោយយោងទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមានការឯកភាពពីថ្នាក់លើ។ បើតាមអ្នកនាំពាក្យ ផ្ទះបណ្តែតទាំងអស់នោះ មាន៣៨៥១ខ្នង ស្មើនឹង៤៥៦៣គ្រួសារ ដោយក្នុងនោះ មានទាំងខ្មែរ ខ្មែរ- អ៊ិស្លាម និងវៀតណាម។

អ្នកនាំពាក្យ បន្តថា រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង អនវុត្តផែនការបម្លាស់ទីនេះ ឲ្យបានម៉ត់ចត់និងទាន់ពេលវេលា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវធ្វើយ៉ាងណា ឲ្យស្របទៅតាមច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ព្រមទាំងខិតខំដោះស្រាយសេវារដ្ឋបាលនៅតំបន់ថ្មីនោះ ជូនប្រជាពលរដ្ឋឲ្យបានល្អ។

អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ការបម្លាស់ទីនេះ ក៏ព្រោះតែអាជ្ញាធរ គិតគូរដល់បញ្ហាពាក់ព័ន្ធនានារបស់អ្នកដែលរស់នៅលើដងទន្លេ ដូចជា ជីវភាព មុខរបរ ការរៀនសូត្ររបស់កូនៗ សុខភាព ស្រី្តមានផ្ទៃពោះ តម្រូវការទឹកស្អាត និង អគ្គិសនី ជាដើម។ អ្នកនាំពាក្យ សង្កត់ដូច្នេះថា៖«អាស្រ័យហេតុនេះហើយ ទើបរដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវចាត់វិធានការឲ្យបានត្រឹមត្រូវ និងដោយប្រុងប្រយ័ត្ន ស្របតាមច្បាប់កម្ពុជា និង ច្បាប់អន្តរជាតិ ជាពិសេសច្បាប់ស្តីពីសិទ្ធិមនុស្ស»។

អ្នកនាំពាក្យ បន្ថែមថា៖«ការចាត់វិធានការស្របតាមច្បាប់ជាតិនិងអន្តរជាតិ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឲ្យប្រទេសកម្ពុជា ទទួលបានការគាំទ្រយ៉ាងធំធេងពីមជ្ឈដ្ឋានជាតិនិងសហគមន៍អន្តរជាតិ»។

អ្នកនាំពាក្យ បរិយាយទៀតថា៖«ការចោទប្រកាន់ថា រដ្ឋាភិបាល ឬរដ្ឋបាលខេត្តកំពង់ឆ្នាំង កាត់ដីឲ្យយួន គឺមិនមែនដូច្នេះទេ។ រដ្ឋបាលខេត្តកំពង់ឆ្នាំង ខិតខំសម្របសម្រួលរៀបចំឲ្យបានត្រឹមត្រូវតាមច្បាប់ និងដូចបណ្តាប្រទេសនានានៅលើពិភពលោក។ ដូចគ្នា បច្ចុប្បន្ននេះ ក៏មានប្រជាពលរដ្ឋកម្ពុជាមួយចំនួន កំពុងរស់នៅជាជនអន្តោប្រវេសន៍នៅក្រៅប្រទេសផងដែរ»។

អ្នកនាំពាក្យ លើកឡើងថា អ្នកដែលត្រូវចាកចេញពីដងទន្លេសាប ជួបការលំបាកក្នុងការស្វែងរកកន្លែងរស់នៅលើគោក។ អ្នកនាំពាក្យ រៀបរាប់ថា ជាដោះស្រាយ គឺរដ្ឋបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយវិស័យឯកជន ដែលមានដីស្រែឡើងទឹក៤០ហិកតា នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើកសំណើជូនទៅរដ្ឋាភិបាលស្របតាមនីតិវិធីធ្វើអនុបយោគ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យសមស្រប និងរៀបចំតំបន់នេះ សម្រាប់អ្នកដែលត្រូវបម្លាស់ទីទាំងនោះ អាចរស់នៅបាន។

អ្នកនាំពាក្យ បញ្ជាក់ថា៖«ចំពោះការចូលទៅរស់នៅលើទីតាំងដី៤០ហិកតានេះ បើជាប្រជាពលរដ្ឋខ្មែរ ឬខ្មែរ- អ៊ិស្លាម ត្រូវទិញក្នុងតម្លៃសមរម្យ។ ដោយឡែក អន្តោប្រវេសន៍វៀតណាម ត្រូវជួល ស្របតាមច្បាប់អន្តោប្រវេសន៍នៃប្រទេសកម្ពុជា…»។

អ្នកនាំពាក្យ រម្លឹកថា រដ្ឋបាលខេត្តកំពង់ឆ្នាំង មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ តាំងទីលំនៅអចិន្ត្រៃយ៍ ឬធ្វើមូលដ្ឋានអាជីវកម្មផ្សេងៗនៅលើផ្ទះអណ្តែតទឹកទៀតទេ។ អាជ្ញាធរ អាចត្រឹមអនុញ្ញាតឲ្យមានបែរចិញ្ចឹមត្រីប៉ុណ្ណោះ តែត្រូវរៀបចំតាមបច្ចេកទេសរបស់មន្ទីរកសិកម្ម។

អ្នកនាំពាក្យ លើកហេតុផលថា បើមិនរៀបចំទីកន្លែងសមស្រប ពួកគេ នឹងបន្តរស់នៅលើផ្ទះបណ្តែតទឹកតទៅទៀត។ អ្នកនាំពាក្យ បង្ហាញពីការប្តេជ្ញារបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងថា នៅតែបន្តរៀបចំផែនការបម្លាស់ទីនេះយ៉ាងម៉ឹងម៉ាត់ រហូតដល់រួចរាល់ជាស្ថាពរ។

ទន្ទឹមនេះ អ្នកនាំពាក្យ ក្នុងនាមជារដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធ ចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការអនុវត្តផែនការនេះ ឲ្យសម្រេចបានលទ្ធផលល្អ។ អ្នកនាំពាក្យ លើកពីគោលបំណងថា៖«ការបម្លាស់ទីនេះ គឺដើម្បីថែរក្សាទន្លេសាប ថែរក្សាបរិស្ថានទឹក ថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ»៕