ដំណឹងដ៏ក្រៀមក្រំ! ចូលរួមរំលែកទុក្ខអ្នកស្រី ម៉ុក ចាន់មាលី អតីតអ្នកនិពន្ធទំនុកច្រៀងសម័យដើម ម្ចាស់ស្នាដៃបទ “ស្នេហ៍បាត់សម្រស់”ទទួលមរណភាពហើយ

228

បងប្អូនភាគច្រើនមុខជាធ្លាប់បានស្តាប់ ធ្លាប់បានឮនូវចម្រៀងចាស់ៗកាលពីសង្គមដូចជាបទ “ស្នេហ៍បាត់សម្រស់” “ស្នេហ៍ក្រោមម្លប់ជ្រៃ” “អនុស្សាវរីយ៍ភ្នំក្រាំងដីមាស” “ខ្ញុំមិនសុខចិត្តទេ” ជាដើម។ ដោយបទចម្រៀងទាំងនេះសុទ្ធសឹងតែជាស្នាដៃនិពន្ធទំនុកច្រៀងដោយអ្នកស្រី ម៉ុក​ ចាន់មាលី​​ ដែលជាកវីនិពន្ធកាលពីជំនាន់សង្គមពីដើម ដោយសារតែជួបរបបប្រល័យពូជសាសន៍ អ្នកស្រីបានចាកចេញពីប្រទេសកំណើតទៅរស់នៅឯសហរដ្ឋអាមេរិក។

មុននេះបន្តិចយើងទទួលដំណឹ​ងមកថាអ្នកស្រី ម៉ុក ចាន់មាលី បានទទួលអនិច្ចកម្មហើយ។ ដោយយោងតាមប្រភពគណនីហ្វេសប៊ុកឈ្​មោះថា ហង្ស សុខនា បានរៀបរាប់ឲ្យដឹងថា៖ «ដំណឹងមរណភាព! ក្រុមគ្រួសារនាងខ្ញំុទាំងអស់​​ មានទុក្ខជាទំងន់​ ដែលអ្នកស្រី ម៉ុក​ ចាន់មាលី​​ (អតីតអ្នកនិពន្ធទំនុកច្រៀង​សម័យដើម) ដែលត្រូវជាបងប្អូន ម្តាយ ម្តាយក្មេក ជីដូន ​បានទទួលមរណភាពក្នុង​ជន្មាយុ៧២ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង ៥ និង៣០នាទី ល្ងាចនេះ ត្រូវជាថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩​ នៅសហរដ្ធអាមេរិក។សេចក្តីដូចបានរៀបរាប់ខាងលើ ចាត់ទុកជាការជូនដំណឹងដល់សាច់ញាតិ​ និងញាតិមិត្តបងប្អូនជិតឆ្ងាយទាំងអស់មេត្តាជ្រាបជាដំណឹង។ សំរាប់ពិធីបុណ្យសព នាងខ្ញុំនឹងជំរាបជូនដំណឹងពេលក្រោយ»។
គួររំលឹកឲ្យដឹងពីជីវប្រវត្តិរបស់អ្នកស្រី ម៉ុក ចាន់មាលី ឲ្យដឹងដែរថា អ្នកស្រី ម៉ុក ចាន់មាលី កើតនៅក្នុងគ្រួសារគ្រូបង្រៀនមួយ ភូមិ ផ្សារលើ ឃុំកំពង់ឆ្នាំង ស្រុករលៀប្អៀរ ខេត្ដ កំពង់ឆ្នាំង ជាកូនទី៣ ក្នុងចំណោមបង

ប្អូនចំនួន១០នាក់ (ប្រុស៥ ស្រី៥ )។ ក្នុងឆ្នាំ ១៩៦៨ អ្នកស្រីជាសិល្បករផ្នែកល្ខោននិយាយនៅក្នុងសាកលវិទ្យាល័យវិចិត្រសិល្បៈ។ ក្នុងឆ្នាំ១៩៧០ អ្នកស្រីបានរៀបការជាមួយលោក យិន ឌីកាន ជាអ្នកនិពន្ធ និងតារាចម្រៀងដោយលោកបាននិពន្ធបទ “មាលីដួងជីវិតបង” ដើម្បីចែចង់អ្នកស្រី ម៉ុក ចាន់មាលី។ ដោយរៀបការជាមួយប្តីជាអ្នកនិពន្ធ និងតារាចម្រៀង អ្នកស្រីបានអភិវឌ្ឍ​ន៍ខ្លួនមកសរសេរទំនុកច្រៀង ដោយចម្រៀងដំបូងបង្អស់ដែលអ្នកស្រីនិពន្ធគឺបទ “សងឈាមជួសបង”។ ស្នាដៃនិពន្ធចម្រៀងល្បីៗរបស់អ្នកស្រី ម៉ុក ចាន់មាលី មានដូចជាបទ៖ អនុស្សាវរីយ៍ស្ទឹងស្រះអង្កាម សួររកប្រាក់ខែ អនុ​ស្សាវរីយ៍ភ្នំក្រាំងដីមាស សងឈាមជួសបង ញញឹម! ញញឹម ស្នេហ៍បាត់សម្រស់ បងចេះ​តែទ្វីស កម្លោះឡានក្រហម ស្នេហ៍ក្រោមម្លប់ជ្រៃ ខ្ញុំមិនសុខចិត្តទេ ឮគេថាប​ងមក​ ក្អែកហើរកាត់ស្ទឹង កញ្ញា Jerk សារ៉ាវ៉ាន់ឆ្នាំថ្មី ស្មាលាអវិចីស្នេហ៍ និងបទជាច្រើនបទទៀត។