ភ្នំពេញ៖ លោក ឃុន ស៊ីវ បានយកសំរាមប្លាស្ទិក៦ប្រភេទ ច្នៃធ្វើជាប្រេងម៉ាស៊ូត ដើម្បីរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។ លោក ស៊ីវ បានឲ្យដឹងថា ការស្រាវជ្រាវច្នៃប្រេងម៉ាស៊ូតពីសំរាមប្លាស្ទិកនេះ អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ដោយការផ្ទុះអំឡុងពេលកំពុងចម្រាញ់។ ជាជំនួយការប្រធានអង្គការ OBT នៅសហគមន៍ជីរោទិ៍ នៃខេត្តត្បូងឃ្មុំ លោក ឃុន ស៊ីវ បានចំណាយពេលជាង១ឆ្នាំ ទើបអាចស្រាវជ្រាវការច្នៃប្រេម៉ាស៊ូតពីសំរាមប្លាស្ទិកនេះជោគជ័យ។ បច្ចុប្បន្ន សំរាមប្លាស្ទិកដែលចម្រាញ់បានជាប្រេងម៉ាស៊ូតនោះ យកទៅប្រើប្រាស់នៅក្នុងអង្គការ OBT និងលក់ឲ្យសហគមន៍ជីរោទិ៍ក្នុងតម្លៃមួយដែលអាចជួយកាត់បន្ថយចំណាយរបស់សហគមន៍។ កាន់តែពិសេស សំណល់ប្លាស្ទិកដែលសល់ពីការចម្រាញ់ជាប្រេង លោក ស៊ីវ ក៏មានគម្រោងយកទៅច្នៃធ្វើឥដ្ឋបរិស្ថានទៀតផង។
ជាជំនួយការប្រធានអង្គការ OBT នៅសហគមន៍ជីរោទិ៍ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបានស្រាវជ្រាវពីការចម្រាញប្រេងនេះផង លោក ឃុន ស៊ីវ អះអាងថា ការយកសំរាមមកច្នៃជាប្រេងម៉ាស៊ូតនេះ ប្រឈមនឹងគ្រោះដល់ជីវត ដែលអាចផ្ទុះនៅពេលកំពុងសម្រាញព្រោះវាក្តៅខ្លាំង។ យ៉ាងណាការស្រាវជ្រាវ គឺលោក ស៊ីវ ទទួលបានជោគជ័យច្រើនដោយអាចប្រេងនោះទៅប្រើប្រាសប្រចាំថ្ងៃបាន ប៉ុន្តែ លោក ស៊ីវ នៅតែបន្តស្រាវជ្រាវរកចំណុចខ្វះខាត់ និងដើម្បីឲ្យមានប្រសិទ្ធភាពនិងសុវត្ថភាពខ្ពស់ជាងនេះ។
នៅក្នុងវេទិកាអេកូទេសចរណ៍លើកទី១ កាលពីថ្ងៃទី១៩ វិច្ឆិកា ដែលរៀបចំធ្វើនៅគ្រេនភ្នំពេញ លោក ឃុន ស៊ីវ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅក្នុងបទសម្ភាសថា សព្វថ្ងៃប្លាស្ទិកមានច្រើនជាង៧០ប្រភេទ ក្នុងនោះប្រភេសដែលប៉ះពាល់ដល់បរិស្ថានបំផុតមាន៧ប្រភេទ។ ក្នុងចំណោមប្លាស្ទិក៧ប្រភេទនោះ មាន៦ប្រភេទដែលអាចយកមកច្នៃជាប្រេងម៉ាស៊ូតបាន រួមមាន ដបទឹកសុទ្ធ, ដងប្រេងឆា, ដបសាប៊ូ, គម្របទឹកសុទ្ធ, កែវកាហ្វេ, និងប្រអប់ស្នោ។ លោក ឃុន ស៊ីវ បានចំណាយពេលស្រាវជ្រាវជាង១ឆ្នាំ ដើម្បីយកសំរាមប្លាស្ទិកទាំង៦ប្រភេទនោះមកច្នៃជាប្រេងម៉ាស៊ូត ដើម្បីរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។ លោក ស៊ីវ បានពន្យល់ថា ការច្នៃសំរាមប្លាស្ទិកចេញជាប្រេងម៉ាស៊ូតនេះ ត្រូវឆ្លងកាត់៣ដំណាក់កាល គឺដំណាក់បំបែកធាតុ, ចម្រាញ់ និងបន្សុទ្ធ។
ក្នុងមួយថ្ងៃ លោក ស៊ីវ យកប្លាស្ទិកចំនួន៣០គីឡូក្រាម ដោយលោកបញ្ជាក់ថា អាចចម្រាញ់ជាប្រេងម៉ាស៊ូតបានប្រមាណ១៩លីត្រ ហើយប្រេងម៉ាស៊ូតដែលច្នៃពីសំរាមប្លាស្ទិកនេះ មានចំហេះខ្លាំងជាងប្រេងម៉ាស៊ូតធម្មតា។ លោក ឃុន ស៊ីវ បានបញ្ជាក់យ៉ាងដូច្នេះ៖«ប្រេងម៉ាស៊ូតស្ដងដារបស់វា គឺក្នុង១លីត្រ មាន ចំហេះ ០.៨៣២ក្រាម ចំណែកម៉ាស៊ូតដែលខ្ញុំធ្វើហ្នឹងក្នុង១លីត្រ មានចំហេះ ០.៧៧៥ក្រាម។ អ៊ីចឹងបើតាមក្បូនប្រេងមួយណាស្រាលជាងមួយហ្នឹងមានចំហេះខ្លាំងជាង។ ប៉ុន្តែ នៅក្នុងឯកសារដែលខ្ញុំបានស្រាវជ្រាវ គឺគេបាននិយាយថា ប្រេងម៉ាស៊ូតដែលចម្រាញពីសំរាមប្លាស្ទិកនេះ មានជាតិពុលខ្លាំងជាងប្រេងម៉ាស៊ូតស្ដង់ដា»។
បញ្ហាជាតិពុលដែលមាននៅក្នុងប្រេងម៉ាស៊ូតចម្រាញ់ពីសំរាមប្លាស្ទិកនោះខ្លាំងជាង ប្រេងម៉ាស៊ូតធម្មជាតិ លោក ឃុន ស៊ីវ មិនទាន់ហ៊ានអះអាងថា ប៉ះពាល់យ៉ាងដូចម្តេចឡើយ ដោយលោកកំពុងបន្តការស្រាវជ្រាវលើបញ្ហានេះបន្ថែមទៀត។ យ៉ាងណានេះគឺជាជោគជ័យនៅក្នុងការទទួលបានដំណក់ប្រេងដំបូងដែលលោកបានចំណាយពេលអស់ជាង១ឆ្នាំ ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ២០១៩ រហូតមកដល់ចុងឆ្នាំ២០១៩នេះ។
បច្ចុប្បន្ន សំរាមប្លាស្ទិកដែលចម្រាញ់បានជាប្រេងម៉ាស៊ូតនោះ លោក ឃុន ស៊ីវ បានឲ្យដឹងថា ប្រេងនោះត្រូវយកទៅប្រើប្រាស់នៅក្នុងអង្គការ OBT និងលក់ឲ្យសហគមន៍ជីរោទិ៍ក្នុងតម្លៃមួយដែលអាចជួយកាត់បន្ថយចំណាយរបស់សហគមន៍។ ចំពោះសំណល់ប្លាស្ទិកដែលសល់ពីការចម្រាញ់ជាប្រេងម៉ាស៊ូត គឺលោកគ្រោងនឹងយកទៅច្នៃធ្វើឥដ្ឋបរិស្ថាន ដែលជួយកាត់បន្ថយការបំពុលបរិស្ថានបានមួយកម្រិតទៀត៕
ប្រភព thmeythmey