សូមប្រុងប្រយ័ត្ន គ្រោះថ្នាក់មើលមិនឃើញទេ! យកខ្មៅដៃ Eyeliner មកគូសត្រេភ្នែក ពេលកំពុងជិះតាក់ស៊ី ចៃដន្យជួបគ្រោះថ្នាក់ចរាចរណ៍ ជុងជាប់ភ្នែក!

747

ថៃ៖ នារីវ័យក្មេងជនជាតិថៃម្នាក់ ធ្វេសប្រហែសគូសត្រេភ្នែក (Eyeliner pencil) ខណៈពេលកំពុងតែជិះរថយន្ត សំណាងមិនល្អស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យជុងភ្នែកជាមួយនឹងខ្មៅដៃគូសភ្នែកនោះ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើង នៅវេលាម៉ោងប្រហែល ៥និង២០នាទី ស្ថិតក្នុងតំបន់ Din Daeng ទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងថ្ងៃកើតហេតុនោះ នារីរងគ្រោះដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ មានវ័យ២០ឆ្នាំខាងលើ ត្រូវបានគេរាយការណ៍ថា បានជិះឡានតាក់ស៊ីអង្គុយនៅកៅអីក្រោយ ដើម្បីទៅជួបមិត្តភក្តិរបស់នាង។

ឆ្លៀតពេលដែលកំពុងតែធ្វើដំណើរតាមផ្លូវ នាងក៏បានទាញខ្មៅដៃអាយឡែនន័រ (Eyeliner pencil) មកគូសត្រេភ្នែក ប៉ុន្តែជាអកុសលនៅគ្រានោះ តាក់ស៊ីក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បើកបុកគូទរថយន្តដឹកទំនិញមួយគ្រឿងនៅពីមុខ បណ្តាលឲ្យនារីរងគ្រោះច្រឡោតទៅមុខ ជុងនឹងខ្មៅដៃគូសភ្នែកនោះ ផុងជាប់ភ្នែកខាងឆ្វេងរបស់នាងតែម្តង។

ភ្លាមៗក្រោយកើតហេតុ នារីរងគ្រោះក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាសំណាងល្អ ឬអាចចាត់ទុកថា មួយពាន់សំណាងរបស់នាងហើយ ដែលភ្នែកមិនត្រូវបានរងរបួសធ្ងន់ធ្ងរ។

គ្រូពេទ្យឈ្មោះ Thanabodee Sabbodi បានមានប្រសាសន៍ថា នារីរងគ្រោះវ័យក្មេងខាងលើនេះ មានការឈឺចាប់នៅពេលដែលក្រុមគ្រូពេទ្យ បានដកឈើខ្មៅដៃគូសភ្នែកនោះ ចេញពីភ្នែករបស់នាង។ ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែអាចរក្សាជំហរបាន និងបាននិយាយរៀបរាប់ប្រាប់ក្រុមគ្រូពេទ្យ នូវហេតុការណ៍ដែលបានកើតឡើងផងដែរ។

គ្រូពេទ្យរូបនេះបន្តថា មិនមានឈាមហូរច្រើនចេញពីភ្នែករបស់នាងនោះទេ ប៉ុន្តែគ្រាន់តែមានឈាមហូរចេញពីច្រមុះរបស់នាងតិចតួចតែប៉ុណ្ណោះ។ ពោលគឺ ភ្នែករបស់នាងមិនបានរងរបួសធ្ងន់ធ្ងរអ្វីនោះឡើយ អាចមើលបានជាធម្មតា ដោយសារតែ ចាក់មិនចំចំណុចសំខាន់នៃភ្នែក។

យ៉ាងណាមិញ នេះក៏ជាសារព្រមាន ឬជាសារមួយដើម្បីជាការជួយក្រើនរម្លឹក ដល់សាធារណៈជនទូទៅ ជាពិសេសសម្រាប់មិត្តៗសុភាពនារី ដែលនិយមចូលចិត្តផាត់មុខ ឬ Make up នៅក្នុងឡានពេលកំពុងបើកបរ គួរណាស់ត្រូវមានការគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួន ចៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដូចករណីនារីរងគ្រោះខាងលើនេះ ព្រោះថាគ្រោះថ្នាក់ពិតជាមើលមិនឃើញនោះឡើយ ៕

ទស្សនារូបភាពខាងក្រោម៖