បែកធ្លាយ កូនបង្កើត និងក្មួយប្រុស លោកអធិការរងស្រុកស្រែអំបិល ធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្រោមការឃុបឃិតជាមួយសមត្ថកិច្ចមូលដ្ឋាន

82

កោះកុង ៖ ស្ត្រីម្នាក់ដែលរស់នៅក្នុងស្រុកស្រែអំបិល បានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មានអោយដឹងថា ចាប់តាំងពីរូបគាត់បានចាប់ដៃជាមួយស្វាមីបានរយះពេល២ទៅ៣ឆ្នាំ ដំបូងឃើញថាស្ថានភាពក្នុងគ្រួសារ មានសុភមង្គលល្អប្រសើរណាស់ ខណៈដែលប្តីរបស់គាត់កំពុងមានការងារនៅលើកប៉ាល់ប្រេងមួយ ដែលគ្រានេះរូបគាត់បានទទួលប្រាក់ខែពីស្វាមី ក្នុង១ខែៗចាប់ពី២ម៉ឺនទៅ៣ម៉ឺនបាត (លុយថៃ) ប៉ុន្តែអ្វីដែលធ្វើអោយគាត់មានទុក្ខលំបាក និងក្តីបារម្ភនាពេលនេះ គឺដោយប្តីរបស់គាត់មានការប្រែប្រួលដែលជាហេតុនាំអោយគាត់ធ្លាក់ចូលទៅក្នុងការរងគ្រោះដោយមិនដឹងខ្លួន ពិសេសរូបគាត់ត្រូវបានរងនូវសម្ពាធពីមជ្ឍដ្ឋានសង្គម នៃដែនសមត្ថកិច្ចស្រុកស្រែអំបិលតែម្តង ដោយសារការពាក់ព័ន្ធ និងការត្រូវរ៉ូវបញ្ហាលុយកាក់ជាមួយលោក ខាំ វង្ស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ក្នុងការបើកដៃអោយមានការប្រើប្រាស់ និងចរាចរណ៍ទៅលើបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានដែលខ្លួនកាន់កាប់ ។

ស្ត្រីរងគ្រោះបានរៀបរាប់ទាំងក្តុកក្តួលថា រឿងរ៉ាវក្នុងសង្គមគ្រួសាររបស់គាត់នាពេលបច្ចុប្បន្នត្រូវធ្លាក់បន្ទុកមកលើរូបគាត់ដែលជាអ្នករ៉ាប់រងទាំងស្រុង ក្រោយពេលដឹងថា ប្តីរបស់គាត់បានជាប់សារធាតុញៀនយ៉ាងពេញបន្ទុក ពិសេសនោះគឺរូបគាត់ត្រូវឃ្លាំមើលប្តីរបស់ខ្លួនស្ទើគ្រប់ពេល ដោយសារប្តីរបស់គាត់នៅតែបន្តសេពគប់ជាមួយបនភឿន ក្នុងការប្រើប្រាស់គ្រឿងញៀន ដែលជាហេតុបង្កអោយស្ថានភាពគ្រួសារកាន់តែមានសភាពធ្ងន់ធ្ងរបន្ថែមទៀត ខណៈដែលបងថ្លៃរបស់នាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរាជធានីភ្នំពេញនាពេលកន្លងមកបាត់ទៅហើយ ។

ប្រភពខាងលើបានបន្តថា អ្វីដែលធ្វើអោយនាងហួសចិត្ត និងខ្មាស់អ្នកស្រុកអ្នកភូមិកាន់តែខ្លាំងនោះ គឺដោយសារបច្ចុប្បន្នពលរដ្ឋភាគច្រើនបានដឹងថានាងជាកូនប្រសាររបស់សមត្ថកិច្ចប៉ូលីសដែលមានតួនាទីធំម្នាក់ក្នុងស្រុកស្រែអំបិល បែជាប្តីរបស់ខ្លួនក្លាយជាជនម្នាក់ដែលកំពុងប្រើប្រាស់នូវសារធាតុញៀនយ៉ាងពេញបន្ទុក ហើយឪពុកក្មេកបស់នាងដែលជាសមត្ថកិច្ចក្នុងមូលដ្ឋានបែជាមិនហ៊ានមានចំណាត់ការផ្លូវច្បាប់ចំពោះកូនបង្កើតរបស់ខ្លួនទៅវិញ បើទោះជានាងនិងម្តាយក្មេងធ្លាប់បានធ្វើកាស្នើរសុំអោយខាងសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងនាំខ្លួនប្តីនាងទៅកាន់មណ្ឌលកែប្រែយ៉ាងណាក្តី ប៉ុន្តែផ្ទុយទៅវិញ បែជាគ្មានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខចុះមកធ្វើការអនុវត្តន៍ផ្លូវច្បាប់នោះឡើយ នេះប្រហែលជាសមត្ថកិច្ចទាំងនោះ ខ្លាចអំណាចឳពុកក្មេករបស់នាងហើយ ព្រោះគាត់ក៏ជាសមត្ថកិច្ចម្នាក់ដែលមានមុខមាត់ធំនៅក្នុងស្រុកស្រែអំបិលនោះដែរ ។

ប្រភពខាងលើបានលើកឡើងបន្ថែមទៀតថា បច្ចុប្បន្នប្តីគាត់កំពុងធ្វើការគេចវេសនៅរាល់សំណើរស្នើរសុំរបស់គាត់ ហើយថែមទាំងបានប្រើសម្តីគម្រាមកំហែងមកលើគាត់ថា បើសិនជានៅតែហ៊ានរាយការណ៍ជូនសមត្ថកិច្ចក្រៅស្រុក ឬផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានទៀត គាត់សុខចិត្តស្លាប់នៅនឹងកន្លែងដោយមិនព្រមប្រគល់ខ្លួនអោយសមត្ថកិច្ចចាប់នោះឡើយ នាងបានរៀបរាប់ទាំងការភ័យតក់ស្លុតថា នាងមានការភ័យខ្លាចខ្លាំងណាស់នៅពេលដែលមានការគម្រាមម្តងៗ ហើយអ្វីដែលកាន់តែធ្វើអោយនាងមានការភ័យខ្លាចខ្លាំងបំផុតនោះ គឺខ្លាចបនភឿនរបស់ប្តីនាងធ្វើអ្វីម្យ៉ាងមកលើរូបនាង និងអ្នកផ្សេងទៀតក្នុងក្រុមគ្រួសារ រឿងរ៉ាវនេះបានធ្វើអោយរូបនាង ម្តាយនាង និងម្តាយក្មេកនាង សម្រេចចិត្តផ្លាស់ប្តូរកន្លែងដេកពួននៅពេលយប់ តាមអ្វីដែលពួកគាត់អាចធ្វើទៅបាន ។

បើតាមការអះអាងពីប្រភពមួយទៀតដែលមានទំនាក់ទំនងជាមួយលោក អធិការរងស្រុកស្រែអំបិល ឈ្មោះ នឹម សុវណ្ណនី ហៅ ប៊ូ បានបង្ហើបអោយដឹងដែរថា រឿងរ៉ាវដែលធ្វើអោយពលរដ្ឋក្នុងស្រុកស្រែអំបិលធ្វើការសើចពេបជ្រាយយ៉ាងខ្លាំងនោះ គឺដោយសារ គេបានដឹងយ៉ាងច្បាស់ថា កូនប្រុសបង្កើតពីរនាក់របស់លោកអធិការរង នឹម សុវណ្ណនី បានប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានស្រុកស្រែអំបិលយ៉ាងពេញបន្ទុក តែបែជាសមត្ថកិច្ចក្នុងមូលដ្ឋានមិនអាចចាប់ខ្លួនបានទៅវិញ រហូតដល់ឈ្មោះ ប៊ូ ងួន (កូនច្បង) ដែលជាអ្នកបង់លុយប្រចាំថ្ងៃ/ខែជូនលោក ខាំ វង្ស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញធ្វើការឃាត់ខ្លួន ហើយបច្ចុប្បន្នត្រូវបានឃុំនៅពន្ធនាគារព្រៃសបាត់ទៅហើយ នៅសល់ប្អូនប្រុសម្នាក់កំពុងប្រើប្រាស់ និងក្មួយប្រុសលោកអធិការរងម្នាក់ទៀតឈ្មោះ សៅ ភាព ដែលជាមេក្លោងជួញដូរគ្រឿងញៀន និងកំពុងលាក់ខ្លួននៅក្នុងមូលដ្ឋានស្រុកស្រែអំបិលនៅឡើយ ។

ចំពោះរឿងរ៉ាវនេះត្រូវបានប្រភពខាងលើ ធ្វើការស្នើរសុំយ៉ាងទទួចដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង សតម្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកោះកុង មេត្តាចាត់ក្រុមការងារពិតចុះមកធ្វើការអន្តរាគមន៍លើក្រុមក្មេងទំនើងទាំងនេះ ដើម្បីយកទៅមណ្ឌលកែប្រែ ឬអនុវត្តន៍តាមផ្លូវច្បាប់ទៅលើមន្ត្រីឃុបឃិតពុករលួយដើម្បីអោយពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រែអំបិលបានស្ងប់អារម្មណ៍ផង ។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើ ក្រុមការងារយើងនៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក ខាំ វង្ស នាយប៉ុស្តិនគរបាលរដ្ឋបាលស្រែអំបិលបាននៅឡើយទេ ដោយសារទូរស័ព្ទរបស់លោកដាក់កម្មវិធី(ប្លុក) ។

ដោយឡែក លោក នឹម សុវណ្ណី អធិការរងស្រុកស្រែអំបិលវិញ ក៏នៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីបញ្ហាកូននិងក្មួយរបស់គាត់បានដែរ ដោយសារពុំមានលេខទូរស័ព្ទ ៕

 

 

ប្រភព ព័ត៍មានពិតពីខេត្តកោះកុង