ថ្មីចេស! ម្ចាស់ចម្ការម្នាក់គូរឆ្កែរបស់គាត់ឱ្យដូចសត្វខ្លា ដើម្បីបំភ័យសត្វស្វាដែលចូលលួចដំណាំ

20754

កសិករម្នាក់នៅឥណ្ឌាកំពុងទទួលបានការចាប់អារម្មណ៍នឹងគំនិតថ្មីរបស់គាត់យ៉ាងខ្លាំង បន្ទាប់ពីគាត់បានគូរពណ៌សត្វឆ្កែរបស់គាត់ឱ្យដូចជាសត្វខ្លា ដើម្បីទុកបន្លំភ្នែកសត្វស្វាដែលចូលលួចដំណាំក្នុងចម្ការរបស់គាត់។ ដោយសារនៅតំបន់របស់គាត់សម្បូរដោយសត្វស្វា ហើយវាបានក្លាយជាបញ្ហាសម្រាប់អ្នកស្រុក ទើបបុរសជាម្ចាស់ចម្ការម្នាក់នេះ បានមានជាគំនិតច្នៃប្រតិដ្ឋនេះឡើង។ ការពិតទៅរដ្ឋក្នុងតំបន់ក៏កំពុងរៀបចំឱ្យមានឧទ្យានសត្វស្វា ដើម្បីស្តារនីតិសម្បទាផងដែរ ប៉ុន្តែយ៉ាងណាគាត់ត្រូវរកវិធីទប់ទល់ជាបណ្ដើរជាមុនសិន បើមិនដូច្នេះទេគាត់នឹងប្រឈមនឹងការបាត់បង់ទិន្នផលដំណាំ។

បុរសជាម្ចាស់ចម្ការមានឈ្មោះថា Srikanta Gowda ជាអ្នករស់នៅក្នុងភូមិ Naluru ស្រុក Thirthahalli taluk បាននិយាយថា គាត់ធ្លាប់បានឃើញតុក្កតាមានរាងដូចខ្លា ត្រូវបានគេប្រើជាទីងមោង នៅជិត Bhatkal ក្នុងស្រុក Uttara Kannada កាលពីបួនឆ្នាំមុន។ គាត់បានទិញវាយកមកក្នុងភូមិ ហើយដាក់វានៅក្នុងចម្ការរបស់គាត់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺសត្វស្វាមានការភិតភ័យ បន្ទាប់ពីបានឃើញតុក្កតា ហើយមិនបានវិលត្រលប់មកចម្ការរបស់គាត់វិញនោះទេ។ បន្ទាប់មកទៀតគាត់ក៏បានយកតុក្កតានោះទៅដាក់នៅទីតាំងផ្សេងទៀត ហើយលទ្ធផលគឺចេញមកដូចគ្នា។

លុះក្រោយមកទៀតគាត់ក៏ចេញជាគំនិតគូរឆ្កែរបស់គាត់ឱ្យដូចសត្វខ្លាតែម្ដង ព្រោះថាឆ្កែវាអាចរត់ទៅរត់មក ដែលអាចធ្វើឱ្យស្វាភ័យមិនហានចូលចម្ការរបស់គាត់។ យ៉ាងណាមិញមិនមែនមានតែគាត់ទេដែលមានគំនិតប្លែកបែបនេះ សូម្បីអ្នកភូមិជិតខាងរបស់គាត់ក៏មានវិធីមួយទៀតដែរ គឺពួកគេបានចាក់សំឡេងឆ្កែលូដាក់ Speaker ដូច្នេះស្វាមិនហានចូលទៅស៊ីដំណាំនោះទេ៕