មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ ឈ្លោះជាមួយអ្នកជិតខាង បានផ្ទុះអាវុធ៤គ្រាប់ត្រូវជនរងគ្រោះចំខ្នងមួយគ្រាប់

(ភ្នំពេញ)៖ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញម្នាក់ ឈ្លោះប្រកែកគ្នាជាមួយអ្នកជិតខាង រហូតឈានដល់ការផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវចំខ្នងជនរងគ្រោះមួយគ្រាប់។ អ្នកបាញ់ដែលជាមន្ដ្រីនគរបាល ត្រូវបានចាប់វាយខ្នោះភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលស្រង់ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានឈ្លោះជាមួយបុរសម្នាក់ រស់នៅជិតខាងគ្នា រហូតមន្ដ្រីនគរបាលខាងលើទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ដោយឡែក សម្រាប់មូលហេតុ ដែលនាំឲ្យមានការឈ្លោះប្រកែកគ្នានេះ មិនទាន់ដឹងច្បាស់នៅឡើយទេ។ យ៉ាងណាមិញ មន្ដ្រីនគរបាលខាងលើ ក៏ត្រូវបានចាប់វាយខ្នោះភ្លាមៗនៅកន្លែងកើតហេតុផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់តាមនីតិវិធី៕