ស្តែងៗ!​ បុរសម្នាក់ បិទទ្វាររបង កាន់កាំបិតគំរាមកាប់មេតុងទីន ដោយសារខឹងរឿងជំពាក់លុយប្រពន្ធ (មានវីដេអូ)

118

កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​នឹង​៣០​នាទី​ មាន​ករណី​គំរាមកំហែង​(​គំរាម​និង​អាវុធ​កាំបិត​)​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​លោត​ចេញ​ ក្រៅរបង​បាក់ជើង​ នៅ​ភូមិ​បន្ទាយស្រី​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។​ ជន​រង​គ្រោះ​ឈ្មោះ​ យុន​ ប៉ូ​ណាត់​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បន្ទាយស្រី​ ឃុំ​ដំ​ដែក​ ស្រុក​សូ​និគម​ ខេត្តសៀមរាប​ មុខរបរ​ មេ​តុងទីន​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ ចិន្តា​រ៉េ​ត​ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា​ជន​រង​គ្រោះជា​មេ​តុងទីន​ ហើយ​បាន​ជំពាក់​លុយ​កូន​តុងទីន​ឈ្មោះ​ មេ​សា​ ជា​ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ​ ម៉ិ​ក​ ផា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​បន្ទាយស្រី​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ មុខរបរ​ បោច​មាន់​លក់​ នូវ​ទឹកប្រាក់​ចំនួន​២២​លាន​៥០​ម៉ឺន​រៀល​។​

​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​បាន​ទៅ​ទារ​លុយ​តុង​តី​ន​ តែ​មិន​បាន​។​លុះដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​នឹង​៣០​នាទី​រសៀល​ ជនសង្ស័យ​មកពីផ្សារ​ឃើញ​ផ្ទះ​ជន​រង​គ្រោះ​បើកទ្វារ​បង​ផ្ទះ​ ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​របស់​ខ្លួន​ហើយ​យក​កាំបិត​ជិះ​ម៉ូតូ​មក​សំលុត​ទារ​លុយ​ដែល​ជន​រង​គ្រោះ​ជំពាក់​នោះ​។​ពេល​នោះ​ជន​រង​គ្រោះភ័យ​ក៏​លោត​ផ្លោះ​របង​ចេញពី​ក្នុងផ្ទះ​ខ្លួន​ទៅ​ក្រៅ​ផ្ទះ​ចូល​ក្នុង​ដី​របង​ផ្ទះ​ឈ្មោះ​ គី​ន​ នៅ​ខាងកើត​ផ្ទះ​របស់​ខ្លួន​បណ្ដាល​ឲ្យ​បាក់ជើង​ខាងឆ្វេង​ខ្លួនឯង​។​ ជនសង្ស័យ​ក៏​បាន​លោត​តាម​ហើយ​បិទទ្វារ​របង​ ចាក់សោ​រួច​និយាយ​ទៅ​កាន់​ជន​រង​គ្រោះ​ថាបើ​មិន​យក​លុយ​ឱ្យ​ទេ​គេ​នឹង​កាប់​។​

​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​ឲ្យ​ជនសង្ស័យ​ទម្លាក់​កាំបិត​ចុះ​ តែ​ជនសង្ស័យ​មិន​ព្រម​ លុះត្រាតែ​បាន​លុយ​សិន​។​ បន្ទាប់​មក​បងប្អូន​ជន​រង​គ្រោះ​បាន​រក​លុយ​ឱ្យទៅ​ប្រពន្ធ​ជនសង្ស័យ​បាន​ចំនួន​២២​លាន​រៀល​ ទើប​ជនសង្ស័យ​ព្រម​ដាក់​កាំបិត​ចុះ​ ហើយ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​កាន់​កាំបិត​ទៅ​សម្លុត​ទារ​លុយ​ជំពាក់​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ ដោយ​ជន​រង​គ្រោះ​មិន​ព្រម​សង​លុយ​។​ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕