ចប់ហើយ!! សូម្បីតែដីដែនជម្រកសត្វព្រៃរបស់អ្នកស្រី Angelina Jolie នៅខេត្តបាត់ដំបង ក៏ត្រូវជនខិលខូចរំលោភយកជាកម្មសិទ្ធិដែរ

5402

បាត់ដំបង: ដីដែនជម្រកសត្វព្រៃរបស់​តារា​ហូ​លី​ហ្វូ​ដអ្នកស្រី អែន ជេ​លី​ណា (Angelina Jolie) ត្រូវបានជនខិល​ខូច​​កាប់រុករានទន្រ្ទានយកជាកម្មសិទ្ធិ ប៉ុន្ដែត្រូវបានសមត្ថកិច្ចចុះបង្រ្កាបដោយ​​ដក​បំផ្លាញ​ដើម​ធូ​រេ​ន និង​ដើម​ដូង​សរុប​ប្រមា​ណ​​ជាង ៣០០ដើម ដែល​ជន​ឱកាសនិយម​បាន​លួច​យកទៅ​ដាំ​លើដី​អភិរក្ស​​ស្ថិតនៅ​ភូមិ​អូរ​តា​តឹង ឃុំ​សំ​ឡូ​ត ស្រុក​សំ​ឡូ​ត ​ខេត្តបាត់ដំបង។

លោក ប៊ូ ស៊ីណា ប្រធាន​ផ្នែក​ប្រតិ​ប​ត្ត​ច្បាប់​នៃ​អង្គការ​មូលនិធិ ម៉ា​ដ​ក្ស ចូ​លី ភី​ត (Maddox Jolie Pitt Fundation) និងជាអ្នកគ្រប់គ្រងតំបន់នោះឲ្យអ្នកស្រី​ Angelina Jolie បាន​ថ្លែងថា តំបន់​នេះ គឺជា​ការគ្រប់គ្រង និង​អភិរក្ស​រួមគ្នា​ដោយ​​តារា​ហូ​លី​ហ្វូ​ដ អ្នកស្រី អែន ជេ​លី​ណា (Angelina Jolie) និង​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង។

លោក​បន្តថា ដោយ​បច្ចុប្បន្ន​បានប្រែក្លាយ​ឈ្មោះ​ទៅជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ហើយ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក៏មាន​ជន​ឱកាសនិយម​បាន​លួច​ចូលទៅ​ទន្ទ្រាន​យក​ដី​មួយកន្លែង ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ថែម​ទាំង​​បានដាក់​ដាំ​ដើម​ធូ​រេ​ន​រាប់រយ​ដើម​ផង​ទៀត។

លោក ស៊ីណា បញ្ជាក់ថា៖«នៅពេល​ទៅដល់ គឺ​ខ្ញុំ​សង្កេតឃើញថា ជនខិលខូច​បាន​ទន្ទ្រាន​យក​ដី​ប្រមាណ ៤ហិកតា ដោ​យ​គេ​បាន​កាប់បំផ្លាញ​ដើមឈើធំៗអស់​ជាច្រើន​ដូចជា ដើម​ត្រ​សេក គឺ​គេ​អារ​ជាកង់ៗ គរ​ជា​គំនរ​ត្រៀម​បម្រុង​ដុត​បំផ្លា​ញចោល និង​ដើម​ស្ពង់ ដែលមាន​មុខកាត់​រហូត​ដល់​ជិត១ ម៉ែត្រ ក៏ត្រូវ​បាន​គេ​កាត់​ផ្តួល​ចោល​ដែរ ដើម្បី​យក​ដី​ដាំ​ដំណាំ។

លោកបន្ថែមថា៖«​ដី​ដែល​គេ​កាប់​ហ្នឹង គឺ​គេ​ដាំ​ដើម​ធុ​រេ​ន និង​ដូង ប៉ុន្ដែ​ពេល​ពួក​ខ្ញុំ​ទៅដល់ អ្នក​ដាំ​ដំណាំ​ហ្នឹង​រត់គេចខ្លួន​បាត់​អស់​​ហើយ តែ​យ៉ាងណា អាជ្ញាធរ​បាន​រកឃើញ​អត្តសញ្ញាណ​ហើយ កំពុង​រៀបចំ​សំណុំរឿង​ប្ដឹងទៅ​តុលាការ»

លោក កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​​ឲ្យ​ដឹង​ថា កម្លាំង​របស់លោក​បាន​ដក​បំផ្លា​ញ​ធូ​រេ​ន ដូង និង​ដំ​ណាំ​មួយចំនួនទៀត​សរុប​ប្រមាណ​ជាង ៣០០ដើម​ដែល​បាន​ដាំ​លើ​ផ្ទៃ​ប្រហែល​ចំនួន​ជាង ៤ហិ​ក​តា​ដែលជា​ដី​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត។ លើសពីនេះ សមត្ថកិច្ច​បាន​បំផ្លាញ​ខ្ទម​មួយ​ដកហូត​ទុយ​យោ​ទឹក​សម្រាប់​ស្រោចស្រព និង​​ម៉ា​ស៊ីនបូមទឹក១គ្រឿង​យកមក​រក្សាទុក​ផងដែរ។

លោក​បន្តថា ខណៈ​នេះ សមត្ថកិច្ច​បានកំណត់​អន្ត​សញ្ញាណ​ជនសង្ស័យ​បាន​ហើយ ដែលជា​អ្នក​រស់នៅក្នុង​ខេត្ត​បាត់​ដំ​បង​​នេះ ប៉ុន្ដែ​លោក​មិនទាន់​អាច​បង្ហាញ​អត្តសញ្ញាណ​នាពេលនេះ​បានទេ ដោយ​រង់ចាំ​ការស៊ើបអង្កេត​បន្ថែម ក៏ដូចជា​ប្រមូល​ភ័ស្តុតាង​ទៀត ដើម្បី​រៀបចំ​ពាក្យបណ្ដឹង​ប្ដឹងទៅ​តុលាការ។

លោក បូរ៉ាន់ បញ្ជាក់ថា៖«យើង​នឹងមិន​លើកលែង​ឲ្យ​ជនណាម្នាក់​ដែល​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ និង​ដី​ដែន​ជម្រ​កស​ត្វ​ព្រៃ​​ដែលជា​កន្លែង​អភិរក្ស​ទេ ព្រោះ​កន្លងមក​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ជាច្រើនលើក​មកហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រំលោភបំពាន​លើដី​អភិរក្ស ឬ​កន្លែង​ហាមឃាត់​ទេ»៕​

ប្រភព theplusnews