“នៅឆ្នាំ២០១៩នេះតម្លៃស្រូវនៅតាមខេត្តមួយចំនួននៅតែមានការធ្លាក់ថ្លៃបន្តិច ខណៈរដូវកាលប្រមូលផលចូលមកដល់ ដែលជាធម្មតាតម្លៃស្រូវខុសគ្នាទៅតាមប្រភេទស្រូវ តែជាមធ្យមក្នុងមួយគីឡូក្រាមក្នុងរង្វង់៧០០រៀល ដល់១២០០រៀល។
អ្នកនាំពាក្យក្រសួងកសិកម្ម បានអះអាងថា ស្ថានភាពតម្លៃស្រូវនៅឆ្នាំនេះមិនខុសគ្នាឆ្នាំមុននោះទេ ហើយរដ្ឋាភិបាលបានចេញគោលនយោបាយជួយដល់ប្រជាកសិករ តាមរយៈបញ្ចុះតម្លៃថ្លៃដើម ដើម្បីឱ្យពលរដ្ឋទទួលបានប្រាក់ចំណេញ។ចំពោះការស្នើឱ្យរដ្ឋាភិបាលទម្លាក់ថវិកាជាតិ ដើម្បីជួយសង្គ្រោះកសិករដូចនៅប្រទេសថៃមិនមាននោះទេ។
សូមជម្រាប់ជូនថា រដូវប្រមូលផលឆ្នាំនេះ ស្រូវក្នុងមួយគីឡូក្រាមមានតម្លៃក្រោមមួយពាន់រៀល ចំពោះស្រូវរបស់កសិករទូទៅ ប៉ុន្តែចំពោះកសិករជាសមាជិកសហគមន៍គឺលក់បានតម្លៃជាង១០០០រៀលក្នុងមួយគីឡូក្រាម។
លោក យ៉ង សាំងកុមារ ជាអតីតប្រធានអង្គការសិកម្មមួយហៅកាត់ថា សេដាក បានលើកឡើងថា «តម្លៃស្រូវចុះថោក មិនសូវមានអ្នកទិញ រដ្ឋាភិបាលដូចជាទុកឱ្យទីផ្សារសេរីជាអ្នកសម្រេចជោគវាសនាកសិករ»ខុសពីរដ្ឋាភិបាលថៃ បានត្រៀមវិធានការនយោបាយជាច្រើន ដើម្បីលូកដៃចូលទីផ្សារ ដើម្បីជួយសង្គ្រោះដល់កសិករ៕
អត្ថបទ៖ វិទ្យុវាយោ