ក្រសួងសាធារណការ ជះលុយ៣លានដុល្លារ សម្រាប់ប្ដូរស្លាកលេខចាស់ គ្មាន QRកូដ មកស្លាកលេខថ្មីមាន QRកូដ ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ

195

ដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ក្រសួងបានស្នើសុំថវិកាពីរាជ​រដ្ឋាភិ​បាលប្រមាណ ៣ លានដុល្លារអាមរិក សម្រាប់ចំណាយជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមានស្លាកលេខយានយន្ដចាស់ហើយគ្មាន QR កូដ មកដូរយកស្លាកលេខថ្មីនិងមាន QR កូដ ត្រឹមត្រូវ ដោយឥតគិតថ្លៃ។

ចំណាត់ការនេះបានដាក់ចេញឡើងដោយសារតែពេលថ្មីៗនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានរកឃើញ និងចាប់បានអ្នកធ្វើ​ស្លាកលេខ​ក្លែងក្លាយចំនួន៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល, លេខខ.ម, លេខកងរាជអាវុធ​ហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល​១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន​ និងជាអនុ ប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូសបញ្ជាក់ថា ក្រសួង សាធារណការ និងដឹកជញ្ជូនបានធ្វើលិខិតមួយផ្ញើជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី ស្នើសុំថវិកាប្រមាណ ៣លានដុល្លារ សម្រាប់ការផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខឡានចាស់គ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ។

ជាមួយគ្នានេះឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា ពេលមកដូរយកស្លាកលេខថ្មី ដែលមាន QR កូដនោះ ត្រូវធ្វើបច្ចុប្បន្នភាព អាសយដ្ឋាន ផ្ទះលេខ និងទីកន្លែងរស់នៅរាជធានី ឬខេត្ដណា ដោយ​ត្រូវធ្វើជាថ្មីឡើងវិញ និងកាត់ឈ្មោះឲ្យទៅម្ចាស់ដោយមិនគិតថ្លៃនោះទេ។ ដោយក្រសួងស្នើរឲ្យប្រជាពលរដ្ឋចាំបាច់ត្រូវប្ដូរ​មកលេខថ្មីដែលមាន QR កូដ ដើម្បីកុំឲ្យមាន​ស្លាកលេខសោះហោះ ឬ ក្លែង​ក្លាយប្រើប្រាស់បន្ដទៀត នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះប្រជាពលរដ្ឋទាំងអស់អាចប្រើប្រាស់ស្លាកលេខត្រឹមត្រូវ និងទទួលបាននូវ​ទិន្នន័យល្អ​ទាំងអស់ សម្រាប់ការគ្រប់គ្រងស្លាកលេខយានយន្ដ៕