អ្នកកំពត់ត្រូវប៉ាន់ហើយ! ក្រុមហ៊ុនយក្សចិនមួយ បានបង្ហាញមហិច្ឆតាកសាងខេត្តកំពតឱ្យដូចនឹង ប្រទេសសិង្ហបុរី

25659

ខេត្តកំពតដែលជាទឹកដីនៃការវិវត្តន៍ស្ទើរគ្រប់វិស័យ ជាមួយនឹងកំណើនដ៏ជឿនលឿន និងទីតាំងភូមិសាស្រ្តដ៏ត្រូវប៉ាន់មួយនេះ កំពុងរំលេចពន្លឺចែងចាំងរបស់ខ្លួនបន្ថែមទៀតហើយ ដោយក្រុមហ៊ុនចិន យក្សចិនមួយមកពីខេត្ត ស៊ិន​ចូ​វមានបំណង​បោះទុន​រកស៊ី ​និង​កែប្រែ​ខេត្តនេះ ​ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មិន​ធ្លាប់​មានពីមុនមកនៅក្នុងប្រទេស​កម្ពុជា។
​ក្នុងកិច្ចជំនួប​ពិភាក្សារវាង លោក ជាវ តាយ អភិបាលខេត្ត​កំពតនិង​លោក ហុង ងៀន ស្ថាបនិកក្រុមហ៊ុនShanghai Hongyuan Investment Co.,Ltd កាលពីមួយរយៈកន្លងមកនេះបានឱ្យដឹងថា ក្រុមហ៊ុនមួយនេះមាន​បំណង​មហិមា ​គឺចង់ធ្វើការវិនិយោគ ដោយ​ផ្តោតលើ​ ​វិស័យ​គមនាគមន៍ ដូចជា​ការធ្វើ​កំពង់ផែ ព្រលាន​យន្តហោះ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​កំពត​-​ភ្នំពេញ កំពត​-​ព្រះសីហនុ និង​គម្រោង​មួយ​ចំនួនទៀត​ ​ធ្វើយ៉ាងណា​ឱ្យ​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ខ្លាំងក្លាបំផុត ​ពោលគឺ​ចង់ឱ្យ​ខេត្ត​នេះ​ទទួលបាន​នូវ​ភាពជឿនលឿន​ដូច​ខេត្ត​ស៊ិនចូវ ​របស់​ប្រទេស​ចិន ​ឬ​ដូច​ទៅនឹងប្រទេស​សិង្ហ​បុរី​តែម្ដង។

ក្នុងនោះលោក ហុង ងៀន ក៏បានបន្ថែមដែរថា​ លោក​ក៏បាន​សំណូមពរ​ឱ្យ​អាជ្ញាធរខេត្ត​គាំទ្រ​ និង​ស្នើសុំ​ជំនាញ​ពាក់ព័ន្ធ​រួមសហការ ​ព្រមទាំង​ធានា​ទាំង​សន្តិសុខ​ ​ក៏ដូចជា​ផ្លូវច្បាប់​ផងដែរ។

​ទាក់ទង​នឹង​គម្រោង​ដ៏ធំមួយ​នេះ លោក ​ជាវ ​តា​យ​ ​បាន​មានប្រសាសន៍ថា ​បំណង​ក្រុមហ៊ុន​ ​មួយ​នេះ ​គឺ​ចង់​ធ្វើឱ្យ​ខេត្តកំពត​ជឿនលឿន​ដូច​បណ្តា​​ខេត្ត-ក្រុង ​មួយចំនួន​របស់​ទឹកដី​គេ ស្របពេល​កម្ពុជា​បច្ចុប្បន្ន​កំពុង ធានា​បាននូវ​ផ្លូវច្បាប់​គ្រប់គ្រាន់​សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដែល​មក​បណ្តាក់ទុន​។ លើសពីនេះ ក្រុម​ហ៊ុននេះ ​បានប្ដាជ្ញាថានឹង​ព្យាយាម​ធ្វើឱ្យ​ល្អ​ជាង​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ ​ដែល​មានវត្តមាននៅក្នុងទឹកដី​កម្ពុជា។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ ទោះបី​ទាំងនោះ​ជាការអួតអាងឫ​យ៉ាងណា ​ក៏​មិនទាន់​ដឹង​នៅឡើយ ព្រោះ​ពួកគេ​កំពុង​សិក្សា ហើយ​ស្ថិតក្រោម​ដំណើរ​ទស្សនកិច្ច​ប៉ុណ្ណោះ​។ ហើយក្នុងនាមជា ​រដ្ឋបាលខេត្ត លោក​ត្រូវតែ​ស្វាគមន៍ ​និង​ជំរុញ​ក្រុមហ៊ុន​ឱ្យ​លើកឡើង​ពី​គម្រោង​សកម្មភាព​ជាក់លាក់​ដើម្បី​ដាក់​ឆ្លង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួច​បន្ត​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការសម្រេច។

គួរកត់សម្គាល់ដែរថា សក្ដានុពលផ្សេងៗរបស់ខេត្តកំពតនេះ មានយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាក់ស្ដែង ឧទ្យាជាតិព្រះមុនីវង្ស​ “បូកគោ” នឹងក្លាយជាទីក្រុងអភិវឌ្ឍ​​ ឆ្លាតវ័យ ទេសចរណ៍ប្រវត្តិសាស្ត្រ​ បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ស្រស់ឆើតឆាយ គ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៣៥​។ ពិសេសទីតាំងភូមិសាស្រ្ត គឺមានព្រំប្រទល់ជាប់នឹងសមុទ្រ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងប្រទេសវៀតណាមផងដែរ។

មានសក្តានុពលធនធានធម្មជាតិជាច្រើនដូចជា ព្រៃភ្នំ សត្វព្រៃ ទឹកធ្លាក់ កោះ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម ព្រៃកោងកាង ឆ្នេរខ្សាច់ ស្រែអំបិល ដីកសិកម្ម មានរមណីយដ្ឋានធម្មជាតិ ឋានសួគ៌បូកគោ និងរមណីយដ្ឋានធម្មជាតិជាច្រើនផ្សេងទៀត។ហើយមួយរយៈចុងក្រោយនេះ មានការអភិវឌ្ឍលំនៅឋានយ៉ាងសម្បូរបែប និងការបង្កើនសោភណ្ឌភាពឆ្នេរ ដងព្រែកទន្លេជាដើម ដែលធ្វើឱ្យអ្នកវិនិយោគជាច្រើនកំពុងតែជាប់ចិត្តក្នុងទឹកដីមួយនេះ។