មកដឹងពីវិធីដាក់អាស័យដ្ឋានហាងរបស់អ្នកលើ Google Map ដើម្បីអោយអតិថិជនងាយស្រួលរក (មានវីដេអូ)

108

សម័យឥឡូវ​នេះ ពេលគេចង់​ទៅណាមួយគេសឹង​តែមិនបាច់សួរគេដូចកាលពីមុននោះទេ ព្រោះដោយសារតែមាន​ Google Map ជួយហើយនោះ។ ជាមួយគ្នានោះដែរ អាជីវកម្មភាគច្រើន​ក៏ចំណេញមិនស្ទើរ​ដែរពី Google Map បើសិនជាចេះប្រើ ហើយបានដាក់កន្លែង​របស់ខ្លួននៅលើ​ផែនទីរបស់ក្រុមហ៊ុនយក្សមួយនេះ។

ពិសេស​ជាងនេះទៅទៀត នៅលើ​ផែនទីរបស់ខ្លួន Google អនុញ្ញាត​ឱ្យដាក់ហ្វ្រីៗនោះទេ ដោយមិនចាំបាច់ចំណាយ​លុយ​កាក់អ្វីឡើយ​។ ជ្រុលតែគេឱ្យហ្វ្រីហើយនោះ ម្ចាស់អាជីវកម្មគួរ​តែយកវាមកប្រើប្រាស់ដើម្បីជាប្រយោជន៍អាជីកម្មរបស់ខ្លួន ហេតុដូច្នោះ​ក្នុង​អត្ថបទនេះ ​Business Cambodia នឹង​បង្ហាញលោកអ្នកអំពីរបៀបដាក់ទីតាំង​កន្លែង​រកស៊ីលើ​ Google Map។

ដំបូង​ឡើយគ្រាន់តែចូលវេបសាយ Google My Business តាមរយៈតំណរនេះ https://www.google.com/business/ ។ បន្ទាប់មកទៀត​ធ្វើការ​ចុចលើពាក្យ Start Now រួចចូលទៅកាន់គណនី Google ឬ Gmail របស់អ្នកទាំង​អស់គ្នា។

បន្តមកទៀត​នឹង​មានលោត​ផ្ទាំង​មួយឱ្យលោកអ្នកបំពេញឈ្មោះអាជីវកម្ម។ សម្រាប់ជាការ​ណែនាំ លោក អ្នកគួរ​តែដាក់ឈ្មោះទាំង​ពីរភាសាតែម្តង ខ្មែរផង និង​អង់គ្លេសផង ដើម្បីឱ្យអ្នកប្រើប្រាស់ស្រួលស្វែង​រក។

ក្រោយបំពេញឈ្មោះអាជីវកម្មរួចរាល់ហើយ​ នឹង​មានសំណួរ​មួយសួរថា​តើចង់ដាក់កន្លែងរកស៊ីរបស់លោកអ្នកនៅលើផែនទីដែរឬទេ ត្រង់កន្លែង​នេះសូមជ្រើសយកពាក្យ Yes។

ផ្ទាំង​អាស័យដ្ឋាននឹង​លោត​មក ដោយអាច​ធ្វើការ​បំពេញ​អាស័យដ្ឋានរបស់កន្លែងរកស៊ី​លោកអ្នកបាន។ បំពេញរួចចុចពាក្យ Next នឹង​មានផ្ទាំង​ដៅទីតាំង​លោត​មក ហើយទាញ​ផ្ទាំង​ដៅទីតាំង​នោះឱ្យចំកន្លែង​ដែលចង់ដាក់​ រួច​ចុច Next បន្ត​ទៀត។

បន្តមកទៀត​ Google នឹង​ធ្វើការ​ប្រមូលទិន្នន័យខ្លះៗទាក់ទង​ទៅនឹង​សេវាកម្ម ក៏ដូចជាផលិត​ផលដែលម្ចាស់អាជីវកម្មផ្ដល់ឱ្យ។ ពេលដែលបំពេញព៌តមាន​សំខាន់ៗរួច​ហើយនោះ ជាចុងក្រោយ​តម្រូវ​ឱ្យបំពេញ​ឈ្មោះរបស់ម្ចាស់អាជីវកម្ម ដើម្បីឱ្យ Google អាចផ្ញើរ​សំបុត្រ​ដែលមានភ្ជាប់លេខកូដក្នុងគោលបំណង​បញ្ចាក់ពីភាពជាម្ចាស់កម្មសិទ្ធ​ក៏ដូចជា​ម្ចាស់ទីតាំង​ដើម្បីងាយស្រួលដាក់លើផែនទីរបស់ខ្លួន។

អ្នករកស៊ីមិនគួរ​មើលរម្លង​ទីតាំង​នៅលើផែនទីឌីជីថលនេះបាននោះទេ ព្រោះមនុស្សជំនាន់ក្រោយ ចូលចិត្ត​ប្រើប្រាស់កម្មវិធីលើទូរស័ព្ទជាជាង​ដើរ​សួរគេ ជាងនេះទៅទៀតក៏ស្រួលសម្រាប់អ្នករត់កង់បីឥណ្ឌាក្នុងការដឹកភ្ញៀវឱ្យទៅដល់កន្លែងអាជីវកម្មផងដែរ៕

 

 

 

 

 

 

article source: business cambodia