ស៊ែរចែកគ្នាដឹងផង!! រដូវ​រងា​ដល់ហើយ មកដឹងពីរបៀបថែទាំសុខភាព កុំឲ្យឈឺ!

ចូល​ដល់​ខែ​កត្តិក​ធ្លាក់​ខ្យល់ អាកាសធាតុ​ចាប់ផ្ដើម​ចុះ​ត្រជាក់​បណ្ដើរ​ៗ​ហើយ ដូចនេះ​យើង​មិន​គួរ​ព្រងើយកន្តើយ​ចំពោះ​​សុខភាព​ឡើយ។ ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នក​រស់នៅ​ភូមិភាគ​ឥសាន្ត​ មាន​ដូចជា​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ខ្ពស់។

ប្រភេទ​ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ក្នុង​ពេល​អាកាសធាតុ​ត្រជាក់​បែប​នេះ មាន​ដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺ​ផ្លូវ​ដង្ហើម និង​មេរោគ​ផ្សិត ដែល​ធ្វើឲ្យ​យើង​គ្រុន​ផ្ដាសាយ ហៀរ​សំបោរ រលាក​បំពង់​ក រលាក​ក្រពះ​ពោះវៀន ហឺត ជំងឺ​ភ្នែក​ក្រហម។ ដូចនេះ​គួរ​ធ្វើរឿង​ទាំងនេះ ទើប​ពេល​អាកាសធាតុ​ប្រែប្រួល​អាច​ចៀស​ផុត​ពី​ជំងឺ​បាន៖

១- ត្រូវ​ស្លៀកពាក់​ខោអាវ​ក្រាស់​ៗ រុំ​ក​នឹង​កន្សែង ពាក់​មួក និង​ស្រោមដៃ។
២- បើ​មាន​អាការៈ​ពិបាក​ដក​ដង្ហើម គ្រុន​ក្ដៅ ឈឺ​បំពង់ក ឈឺ​សាច់ដុំ ត្រូវ​ស្វែង​រក​ការ​ព្យាបាល​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ។
៣- មិន​គួរ​ធ្វើ​ដំណើរ​​ផ្លូវ​ឆ្ងាយទាំង​ខ្លួន​ផ្ដាសាយ ឬ​អាការៈ​មិន​ស្រួល​ខ្លួន​ណា​មួយ​ទេ ហើយ​មិន​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​អង់ទីប៊ីយូទិក​ (ថ្នាំផ្សះ) ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ។
៤- ពេល​ក្អក កណ្ដាស់ សូម​យក​ក្រដាស់ កំណាត់ កន្សែង មិន​ត្រូវ​ប្រើ​យក​ដៃ​ខ្ទប់​មាត់។
៥- មិន​ត្រូវ​នៅ​ជិត​អ្នក​ឈឺ ឬ​អ្នក​ក្អក កណ្ដាស់។
៦- លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ហើយ​មិន​គួរ​យក​ដៃ​ទៅ​ប៉ះ​ភ្នែក ច្រមុះ មាត់ ដោយ​មិន​ទាន់​សម្អាត។
៧- ទារក​មិន​គួរ​គេង​ក្នុង​បន្ទប់​ត្រជាក់ ឬ​បើក​ម៉ាស៊ីន​ត្រជាក់។
៨- មនុស្ស​ចាស់​កម្ដៅ​ក្នុង​រាងកាយ​តិច ដូចនេះ​ងាយ​នឹង​ប្រឈមមុខ​មាន​បញ្ហា​ផ្សេង​ៗ។
៩- កុមារ និង​មនុស្ស​ចាស់​គួរ​ស្លៀកពាក់​ឲ្យ​បាន​ច្រើន​ជាន់ ដើម្បី​ផ្ដល់​កម្ដៅ​ដល់​រាងកាយ តែ​ចៀសវាង​ខោអាវ​តឹង​ៗ ធ្វើឲ្យ​រំខាន​ចរន្ត​ឈាម។

អត្ថបទ​ពាក់ព័ន្ធ៖ រឿងតូចអាចក្លាយជាធំ! បើ​ត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើន

តិចនិកសុខភាព
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕