ភ្នំពេញ ៖ នាដើមខែធ្នូ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ បានសំដែងការគាំទ្រដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលចុះត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ កំពុងធ្វើចរាចរណ៍លើដងផ្លូវ។
តាមប្រសាសន៍ លោក ជា សារុន ជាប្រជាពលរដ្ឋរស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មីថា លោកពេញចិត្តនឹងសកម្មភាពរបស់
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានដាក់កម្លាំងចុះត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ តាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីមានវិធានការបង្ក្រាបរថយន្តពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយនោះ។
លោក សារិន បន្តថា លោកចង់ឲ្យមានវិធានការរឹតបន្តឹងការពាក់ស្លាកលេខក្លែងក្លាយនេះឲ្យអស់ព្រោះបើម្ចាស់រថយន្តជាកងកម្លាំងប្រដាប់អាវុធនោះ គឺមិនអីទេ ប៉ុន្តែអ្នកខ្លះជាអ្នកកួកជេដីសោះ ក៏មានរថយន្តពាក់ស្លាកលេខខេមរភូមិន្ទជិះពេញភូមិ ហើយក្អេងក្អាងថែមទៀតផង។
តាមសំណូមពររបស់ លោក គឹម សុន ជាប្រជាពលរដ្ឋរស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីថា លោកសុំឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ
មេត្តាមានវិធានការណ៍ឲ្យតឹងតែងបំផុតទៅលើរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទ ដែលរថយន្តទាំងនេះសុទ្ធតែគ្មានពន្ធនាំចូល ហើយមិនដឹងថា រថយន្តទាំងនោះ បានមកពីប្រភពណាឲ្យច្បាស់លាស់នោះទេ។
ចំពោះរថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ និង នគរបាល គឺភាគច្រើនគ្មានពន្ធនាំចូលហើយបើសិនជាបង្កគ្រោះថ្នាក់តាមដងផ្លូវ គឺមិនដឹងជាទៅរកម្ចាស់នៅឯណាដែរ។
ប្រជាពលរដ្ឋបន្តថា រថយន្តខ្លះ គេឃើញពាក់ស្លាកលេខស៊ីវិល ប៉ុន្តែដោយសារភាពអំនួតរបស់ម្ចាស់រថយន្ត គឺ ពួកគេបានដោះស្លាកលេខស៊ីវិលចេញ រួចពាក់ស្លាកលេខ ខេមរភូមិន្ទ ជំនួសវិញ ហើយសមាសភាពអស់នេះទៅធ្វើសកម្មភាពមិនល្អទៀតផង។
ដូច្នេះ សំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរ សុំឲ្យមានការបង្ក្រាប និងត្រួតពិនិត្យស្លាកលេខខេមរភូមិន្ទ និងនគរបាល ឲ្យបានតឹងតែងបំផុត ព្រោះប្រទេសមានច្បាប់។