ជប៉ុន​សុំ​ឯកសារ​អំពី​​ «​ផ្លូវ​បុរាណ​ចក្រភព​ខ្មែរ​» យកទៅ​បោះពុម្ព​បង្រៀន​សិស្ស​របស់ខ្លួន…

76

គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាជប៉ុន TAISHUKAN ស្នើសុំអត្ថបទស្រាវជ្រាវអំពីបណ្តាញផ្លូវគមនាគមន៍បុរាណ ទៅប្រែនិងបោះពុម្ពសម្រាប់បង្រៀនសិស្ស គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេសជប៉ុន TAISHUKAN (តៃស៊ូកាន់) បានស្នើសុំអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសអត្ថបទមួយដែលលទ្ធផលនៃកិច្ចការស្រាវជ្រាវអំពីបណ្តាញគមនាគមន៍បុរាណសម័យអង្គរ យកទៅប្រែសម្រួលបោះពុម្ពផ្សាយក្នុងសៀវភៅសិក្សាអប់រំថ្មី។

អត្ថបទដែលគ្រឹះស្ថាន TAISHUKAN ស្នើយកទៅបកប្រែនិងបោះពុម្ពនេះ គឺបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរីនៅឆ្នាំ២០១៦ មានចំណងជើងជាភាសាអង់គ្លេសថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ពីបណ្ដាញផ្លូវសម័យអង្គរទៅកាន់ទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក៖ គម្រោងស្រាវជ្រាវទំនាក់ទំនងវប្បធម៌និងការអភិវឌ្ឍន៍ឆ្លងព្រំដែន»។

កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ គ្រឹះស្ថានអប់រំជប៉ុន TAISHUKAN បានស្នើមកកាន់សហប្រធាននៃគម្រោងស្រាវជ្រាវផ្លូវបុរាណសម័យអង្គរ ដែលមានលោកបណ្ឌិត Surat Lertlum សហនិពន្ធភាគីថៃ និងលោក អ៊ឹម សុខរិទ្ធី សហនិពន្ធភាគីអាជ្ញាធរជាតិអប្សរា ដើម្បីសុំសិទ្ធិយកអត្ថបទស្រាវជ្រាវផ្លូវបុរាណសម័យអង្គរទៅបកប្រែនិងបោះពុម្ពជាភាសាជប៉ុន ដើម្បីបង្រៀនសិស្សថ្នាក់វិទ្យាល័យ។ សំណើនេះ ត្រូវបានឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាយល់ព្រម និងជំរុញឲ្យមានផ្សព្វផ្សាយការអប់រំឲ្យកាន់តែទូលំទូលាយផងដែរ។

លោក អ៊ឹម សុខរិទ្ធី សហប្រធាននៃគម្រោងស្រាវជ្រាវនេះបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ គ្រឹះស្ថានបោះពុម្ពផ្សាយ TAISHUKAN តែងធ្វើបច្ចុប្បន្នភាពបន្ថែមលើអត្ថបទស្រាវជ្រាវថ្មីៗសម្រាប់វិស័យអប់រំនៅប្រទេសជប៉ុន។ អត្ថបទដែលស្ថាប័ននេះជ្រើសរើសជាអត្ថបទស្រាវជ្រាវបែបវិទ្យាសាស្រ្ដ មានលក្ខណៈត្រឹមត្រូវពិតប្រាកដ ហើយផ្តល់ចំណេះដឹងជាទូទៅដល់មនុស្សក្នុងតំបន់។

សម្រាប់អត្ថបទស្រាវជ្រាវផ្លូវបុរាណនេះ ក៏មានការទទួលស្គាល់ដោយសាកលវិទ្យាល័យ ក្យូតូ ដ៏ល្បីល្បាញរបស់ជប៉ុនផងដែរ ទើបគ្រឹះស្ថានបោះពុម្ពនេះមានទំនុកចិត្ត ជ្រើសរើសយកដាក់បញ្ចូលក្នុងកម្មវិធីអប់រំរបស់ខ្លួន។ នេះជាការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី។

សូមបញ្ជាក់បន្ថែមថា ខ្លឹមសារសង្ខេបនៃអត្ថបទនោះ មានសេចក្តីដូច្នេះ៖ «តាមភស្តុតាងនៃការស្រាវជ្រាវនៃគម្រោងសហការនេះ វិសាលភាពនៃចក្រភពខ្មែរគ្របដណ្តប់ស្ទើរតែពេញអាស៊ីអាគ្នេយ៍ដីគោក។ រាជធានីបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធទឹក អប់រំ សុខាភិបាល បណ្តាញគមនាគមន៍ខ្វាត់ខ្វែង សំណង់រដ្ឋបាល សំណង់សាសនា និងសំណង់សាធារណៈផ្សេងៗ។

បណ្តាញផ្លូវតភ្ជាប់ពីមណ្ឌលរដ្ឋបាល សេដ្ឋកិច្ចនិងនយោបាយទៅកាន់ខេត្តខ័ណ្ឌនានា ព្រមទាំងតភ្ជាប់ទៅនគរជិតខាងផង។ តាមបណ្តោយផ្លូវគមនាគមន៍តែងមានសាលាសំណាក់ ស្រះទឹក និងមន្ទីរព្យាបាលរោគ សម្រាប់អ្នកដំណើរនិងអ្នកស្រុកជិតខាង។ ចក្រភពខ្មែរមិនមែនពឹងផ្អែកលើកសិកម្មតែមួយមុខទេ។

បណ្តាញគមនាគមន៍កើតចេញពីការស្រាវជ្រាវថ្មីៗនេះ បង្ហាញថាចក្រភពខ្មែរជាដៃគូជំនួញធំមួយក្នុងបណ្តាញជំនួញអន្តរជាតិតាមផ្លួវសមុទ្រពីប៉ូលសេដ្ឋកិច្ចអន្តរជាតិខាងកើតមានចក្រភពចិន នឹងប៉ូលសេដ្ឋកិច្ចខាងលិច មានពែក អារ៉ាប់និងឥណ្ឌា។ ចក្រភពខ្មែរមានរាជធានីនៅខាងក្នុងដី តែបានបើកមុខតភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូង និងសមុទ្រឥណ្ឌានៅខាងលិច។

លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានលោក អ៊ឹម សុខរិទ្ធី និងលោក Surat Lertlum យកមកផ្សព្វផ្សាយបង្រៀនសិស្សខ្មែរម្ខាង និងថៃម្ខាងរៀងៗខ្លួន។ គ្រូទាំងពីរបង្រៀនសិស្សអំពីប្រវត្តិសាស្រ្តនិងវប្បធម៌ ព្រមទាំងបុរាណវិទ្យាដែលកើតអំពីការស្រាវជ្រាវប្រកបដោយវិទ្យាសាស្រ្ត។ សិស្សបានស្វែងយល់អំពីប្រវត្តិនៃប្រទេសទាំងពីរដែលមានមរតកវប្បធម៌មកពីឫសគល់តែមួយ។

ដូនតារបស់គេធ្វើដំណើរលើដងផ្លូវបុរាណតែមួយ។ នេះជាកម្មវិធីសម្រាប់យុវជន ដែលគ្នានឹងស្វែងយល់វែងឆ្ងាយអំពីទំនាក់ទំនងក្នុងតំបន់ដែលខ្លួនកំពុងរស់នៅ។ យុវជនអាចមើលឃើញថា ១០០ឆ្នាំមុន ឬ៨០០ឆ្នាំមុន វាគ្មានព្រំដែនអ្វីសម្គាល់ថាជារបស់អ្នកនេះ របស់អ្នកនោះទេ។ មនុស្ស សហគមន៍ ទំនិញនិងបច្ចេកវិទ្យា ផ្លាស់ប្តូរ ដោះដូរ ទាក់ទងគ្នាដោយសេរី ពុំមានរបាំងអ្វីសោះ។

ជាអកុសល ប្រទេសនានា ឬមនុស្សមួយចំនួន មិនតែងតែចង់បានការចែករំលែករបៀបសម័យបុរាណ ក្នុងពិភពលោកសម័យទំនើបនេះទេ។យើងត្រូវតែដឹងគ្រប់គ្នាថា មានប្រទេសជាច្រើនដែលវប្បធម៌កំណើតរបស់ខ្លួន បានមកពីកន្លែងផ្សេងទៀត មិនមែនមកពីដីដែលខ្លួនកើតនោះទេ។ គំនិតនេះនឹងបង្កើតឲ្យមានញាណមួយនៃប្រព័ន្ធទំនាក់ទំនងក្នុងរង្វង់យុវជននៃប្រទេសផ្សេងៗ មនុស្សនានា ហើយគេនឹងអាចពង្រឹងចំណងទាក់ទងនេះបានផង»។

គួររំលឹកទ្បើងវិញថា គម្រោងស្រាវជ្រាវផ្លូវបុរាណសម័យអង្គរ បានចាប់ផ្តើមតាំងពីឆ្នាំ២០០៥ ដែលជាគម្រោងស្រាវជ្រាវឆ្លងប្រទេស។ ក្នុងគម្រោងនេះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាមជាច្រើនពីបណ្ដាញគមនាគមន៍សម័យអង្គរដែលមានវិសាលភាពធំធេង ជាបណ្ដាញគមនាគមន៍ភ្ជាប់ពីអង្គរទៅភិមាយ និងរហូតដល់ឈូងសមុទ្រចិន។

ជាមួយនោះ ការស្រាវជ្រាវក៏ប្រទះឃើញស្លាកស្នាមនៃសាលាដំណាក់ ស្ពានបុរាណជាច្រើនកន្លែងទៀតតាមបណ្ដោយផ្លូវនេះផងដែរ។ ឯកសារនេះត្រូវបានយកមកបង្រៀនកូនសិស្សក្នុងគម្រោងអប់រំបេតិកភណ្ឌតាមបណ្ដាខេត្តមួយចំនួនតាំងពីឆ្នាំ២០០៧មក ដូចជានៅបន្ទាយឆ្មារ សៀមរាប និងរហូតដល់តំបន់សម្បូរព្រៃគុក៕អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី រូបភាព៖ ខៀវ ច័ន្ទ ប្រភព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: