នៅចាំស្ត្រីបរទេសដែលរងគ្រោះ ផ្ទុះហ្គាសនៅសៀមរាបទេ?​ ពេលនេះគាត់ធូរស្បើយច្រើន ហើយស្មារតីរបស់គាត់កាន់តែល្អផងដែរ (មានវីដេអូ)

46

នៅចាំគ្រូបង្រៀនបរទេសពីរនាក់ ដែលត្រូវបានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះកន្លែងចាក់ហ្គាសមួយ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាដែរទេ? ម្នាក់ក្នុងចំណោមពួកគេពេលនេះបានធូរស្បើយហើយ ដោយនាងកំពុងសម្រាកនៅឯផ្ទះនៅ Firestone ។ ម្នាក់ក្នុងចំណោមអ្នកទាំងពីរគឺនាង Abbey Alexander ដែលមានអាយុ ១៨ឆ្នាំ ហើយនាងបានចំណាយពេលជិតពីរខែ ដើម្បីព្យាបាលខ្លួននៅក្នុងមជ្ឈមណ្ឌល UCHealth ។ នាងនៅត្រូវការការវះកាត់មួយចំនួននៅលើមុខរបស់នាង ប៉ុន្តែនាងជាមនុស្សមានស្មារតីល្អ។

នាង Abbey បាននិយាយទាំងសើចថា៖ “កាលពីមុនខ្ញុំស្អាតជាងនេះឆ្ងាយណាស់”។ នាងបានរៀបរាប់ពីមូលហេតុដែលធ្វើឱ្យនាងមានស្នាមឆេះពេញខ្លួនថា វាបានកើតឡើងនៅថ្ងៃទី១៤ ខែសីហា កន្លងទៅ នៅពេលដែលមានការផ្ទុះឆេះយ៉ាងខ្លាំងមួយ ខណៈពេលដែលនាងកំពុងជិះម៉ូតូរួមដំណើរជាមួយកញ្ញា Zoe Eleftheriou ដែលជាមិត្តរបស់នាង។ នាងបានបន្ដថា៖ “វាដូចជាការផ្ទុះគ្រាប់បែក ដែលខ្ញុំអាចឃើញភ្លើងឆាបឆេះឡើងនៅនឹងមុខ ហើយពួកយើងក៏ត្រូវបានវាយប្រហារដោយភ្លើងនោះ”។ គួរឱ្យដឹងដែរថា នាងត្រូវបានភ្លើងឆេះស្ទើរតែ ៤០% នៅលើខ្លួន ហើយភ្លាមៗបន្ទាប់ពីរងរបួស នាងក៏ត្រូវបានគ្រូពេទ្យនៅខ្មែរដាក់ឱ្យស្អំទឹកកកផងដែរ។

កន្លងបានប៉ុន្មានថ្ងៃគ្រួសាររបស់នាងក៏បានផ្លាស់នាងទៅព្យាបាលនៅមជ្ឈមណ្ឌល UCHealth ដែលជំនាញព្យាបាលខាងឆេះ នៅឯរដ្ឋ Colorado របស់សហរដ្ឋអាមេរិក។ នាងបាននិយាយថា នាងមានការដឹងគុណដែលនាងនៅមានជីវិតរស់ អរគុណទៅដល់បុគ្គលិកនៅ UCHealth ដែលបានយកចិត្តទុកដាក់។ ជាពិសេសមួយទៀតគឺ Brian Mendez-Padilla ដែលធ្លាប់បានរស់នៅជាមួយគ្នាអំឡុងពេលនៅកម្ពុជា ហើយពេលនេះពួកគេបានរៀបការជាប្ដីប្រពន្ធហើយ។ ចំណែកឯស្នាមនៅលើខ្លួនរបស់នាងវិញ នាង Abbey Alexander បាននិយាយថា វាធ្វើឱ្យនាងរឹងមាំជាងមុន ហើយវានឹងអាចបង្ហាញថា នាងធ្លាប់បានឆ្លងកាត់រឿងរ៉ាវអ្វីមួយ៕

Cr Khmernote