ស្វាយរៀង ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងទឹកត្រពាំងជិតចម្ការអំពៅដោយខ្លួនប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាល និងបាក់ថ្គាមទាំងសងខាង សមត្ថកិច្ចសង្ស័យជាអំពើឃាតកម្ម ក៏បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ មកសាកសួរ។
បើតាមសមត្ថកិច្ចឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់នៅក្នុងទឹកត្រពាំងតាពៅ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ច ដដែល បានឲ្យដឹងទៀតថា ដោយទទួលព័ត៌មានតាមរយៈទូរស័ព្ទពីស្មៀនឃុំពពែត ថា នៅចំណុចត្រពាំងតាពៅ ស្ថិតក្នុងភូមិឃុំខាងលើ មានមនុស្សស្លាប់នៅក្នុងទឹកត្រពាំង ក្បែរកន្លែងត្រាក់ទ័រភ្ជួរដីស្រែនោះ, សមត្ថកិច្ចក៏បានដឹកនាំកម្លាំងជំនាញ សហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយទាប និងក្រុមគ្រូពេទ្យ ដោយមានការសម្របសម្រួលពី លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យដល់កន្លែងកើតហេតុពិនិត្យឃើញថា សាកសពដែលស្លាប់ គឺមាន ឈ្មោះ ផៃ ផាត ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាបមានស្លាកស្នាមបាក់ថ្គាមទាំងសងខាង និងបែកក្បាល ហើមពោះ ដាច់ខ្នងខាងក្រោយ ហូរឈាមក្រហមច្រាលពេញទឹកត្រពាំង។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញខេត្ត និងគ្រូពេទ្យកោសល្យវិច័យឃើញថា នៅលើខ្លួនប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាល និង បាក់ថ្គាមទាំងសងខាង។ សពអាចស្លាប់ដោយសារអ្នកបើកត្រាក់ទ័រភ្ជួរដីកិន ខណៈពេលដែលជនរងគ្រោះកំពុងធ្វើម្លុងនៅមាត់ត្រពាំង។
ក្រោយមក សមត្ថកិច្ចក៏ បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាជនសង្ស័យជាជនជាតិវៀតណាមមកភ្ជួរដីនៅកន្លែងកើតហេតុខាងលើមាន ឈ្មោះង្វៀង ជីតាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដែលជាអ្នកបើកត្រាក់ទ័រភ្ជួរដី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នោះ ដើម្បីសាកសួរ តែឈ្មោះង្វៀង ជីតាំ បានរត់គេចខ្លួនបាត់។ រហូតដល់ម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៩ធ្នូដដែល ទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញឈ្មោះង្វៀង ជីតាំ ហើយបាននាំខ្លួនយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះង្វៀង ជីតាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានបើកត្រាក់ទ័រកិនជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ក៏ប៉ុន្តែនៅពេលខ្លួនថយត្រាក់ទ័រចូលទៅក្នុងបឹងដើម្បីភ្ជួរដីមាត់បឹងនោះ មិនបានឃើញមនុស្សទេ ពេលបើកត្រាក់ទ័រឡើងវិញ ទើបឃើញមនុស្សត្រូវត្រាក់ទ័រកិនស្លាប់ទៅហើយ។
បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសព សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព kampucheathmey