ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ាន SEA Games ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះឆ្នាំនេះ ត្រូវបានបើកការប្រកួតផ្លូវការនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ឆ្នាំនេះមានអត្តពលិកជិត៦ពាន់នាក់ ដែលមកពី១១ប្រទេសចូលរួម ពួកគេត្រូវប្រកួតប្រជែងលើ៥៦ប្រភេទកីឡា ខណៈកម្ពុជាបញ្ជូនអត្តពលិក៣១ប្រភេទកីឡាឲ្យចូលរួម។
គួររំលឹកដែរថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA) ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។
ដោយឡែក អ្វីដែលគួរឲ្យសោកស្ដាយនោះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៩:០០ នាទីយប់ កន្លងទៅថ្មីៗនេះ ក្រោយពីមានការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញពីក្រុមជម្រេីសជាតិកម្ពុជា(អាយុក្រោម២២ឆ្នាំ) និងក្រុមជម្រើសជាតិវៀតណាមអស់រយៈពេល៩០នាទីរួចមក ចំពោះលទ្ធផលនោះ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៤-០។
ចំណែកឯក្រុមជម្រើសជាតិកម្ពុជា នៅសល់១ប្រកួតទៀតផងដែរ ដេីម្បីដណ្ដើមយកលេខបី (មេដាយសំរឹទ្ធ) ដែលត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ វេលាម៉ោង៣រសៀល។ យ៉ាងណាមិញ ក្រោយពីមានការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមជម្រើសកម្ពុជាអាយុក្រោម២២ឆ្នាំ ប៉ះជាមួយ មីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ នៅមុននេះបន្តិចរួចមក ចំពោះលទ្ធផល៩០នាទីនោះគឺ២ស្មើ។
ជាមួយគ្នានេះដែរ ចំពោះការសម្រេចកាត់សេចក្តីនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់អាយុក្រោម២២ឆ្នាំ រវាងក្រុមជម្រើសជាតិកម្ពុជាជាមួយមីយ៉ាន់ម៉ា គឺតាមរយៈទាត់បាល់១១ម៉ែត្រ ដែលក្នុងនោះមីយ៉ាន់ម៉ាទទួលបាន៥គ្រាប់ ខណៈដែលកម្ពុជាទទួលបានត្រឹមតែ៤គ្រាប់ ដោយកីឡាករ កែវ សុខផេង ទាត់ប៉ះបង្គោលទី ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ តែទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាកីឡាតែប៉ុណ្ណោះ ហេីយប្រជាពលរដ្ឋខ្មែរ ក៏នៅតែបន្តការគាំទ្រចំពោះគោព្រៃកម្ពុជាជាបន្ត។