ការទទួលទានសាច់ពិសេស (សាច់ឆ្កែ) កំពុងពេញនិយមពីសំណាក់មហាជនមួយចំនួន ហើយការលក់ដូរក៏កាន់តែបើកចំហរទាំងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តមួយចំនួន និងមានហាងឆេងខ្ពស់។ យ៉ាងណាមិញអ្នកស្រលាញ់សត្វចិញ្ចឹមសឹងតែទូទាំងពិភពលោក តាមប្រទេសនីមួយកំពុងតែមានយុទ្ធនាការរៀងៗខ្លួនក្នុងការតវ៉ា ដើម្បីបញ្ឈប់ឲ្យមានការសម្លាប់ បរិភោគសត្វឆ្កែ។ ជាការពិតណាស់កម្ពុជា ក៏កំពុងតែមានការផ្សព្វផ្សាយចំពោះផលប៉ះពាល់នៃការបរិភោគសាច់ពិសេសនេះ ដោយមានការប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសការលក់សាច់ពិសេសក៏មានផលប៉ះពាល់ដល់វប្បធម៌ប្រពៃណីខែ្មរ។
ក្នុងនោះផងដែលឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏បានលើកឡើងយ៉ាងដូច្នេះថា “ពេលវេលាណាទេីបបញ្ឈប់អាជីវកម្មសាច់សុនខនៅកម្ពុជា? នៅប្រទេសវៀតណាមនៅក្រុងហាណូយមានវិធានការបញ្ចប់អាជីវកម្មសាច់សុនខត្រឹមឆ្នាំ២០២១ ដោយសារតែប៉ះពាល់ខ្លាំងដល់វិស័យទេសចរ! តាមរបាយការណ៍របស់អង្គការ Animal Rescue Cambodia និងអង្គការ FOUR PAWS បានឱយដឹងថា អាជីវកម្មសាច់សុនខនៅកម្ពុជា មានរូបភាពលួចលាក់តែមានលក្ខណៈធំទូលាយ និងមានបណ្តញពាណិជ្ជកម្មជាខែ្សចង្វាក់ ខុសពីកន្លែងសត្វឃាតដទៃទៀត កន្លែងសុនខឃាត គ្មានការត្រួតពិនិត្យខាងអនាម័យ សុខភាពអ្វីនោះទេ ហេីយអ្នកបរិភោគសាច់សុនខភាគច្រេីនមានអាយុពី១៨-២៩ឆ្នាំ។ តាមរបាយការណ៍នេះក៏បង្ហាញឱយដឹងថា មានសត្វសុនខមិនតិចជាង២០០,០០០ក្បាលទេក្នុងមួយឆ្នាំសំរាប់តែតំរូវការភោជនីយដ្ឋានលក់សាច់សុនខជាង១១០ភោជនីយដ្ឋាននៅភ្នំពេញ ហេីយក្នុងក្របខ័ណ្ឌទូទាំងប្រទេសអាចតំរូវការរាប់លានក្បាល។
ការព្រួយបារម្ភនៃការរាលដាលកាន់តែធំឡេីងៗនៃអាជីវកម្មសាច់សុនខនេះ ដែលអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ ១- វប្បធម៌ប្រពៃណីខែ្មរដែលស្រលាញ់សត្វសុនខនិងមានបំរាមធ្ងន់ធ្ងរខាងទំលៀមទម្លាប់ចំពោះអ្នកបរិភោគសាច់សុនខ! ២- អាចប៉ះពាល់សុខភាពសាធារណ:ដោយសារកង្វះការគ្រប់គ្រងត្រួតពិនិត្យអនាម័យ និងរាតត្បាតជម្ងឺ ដូចជាជម្ងឺឆ្កែឆ្កួតជាដេីម! ៣-ប៉ះពាល់ដល់ទេសចរបរទេសមួយចំនួន។ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលមានផែនការបំបាត់ជម្ងឺឆ្កែឆ្កួតត្រឹមឆ្នាំ២០៣០ ដូចនេះដេីម្បីលេីកកំពស់ប្រពៃណីទំលៀមទម្លាប់ វប្បធម៌ សីលធម៌សង្គមផង និងដេីម្បីសំរេចបានគោលដៅរបស់រាជរដ្ឋាភិបាលផង យេីងគួរត្រូវរួមគ្នាពង្រឹងការផ្សព្វផ្សាយដល់ អ្នកហូបសាច់សុនខត្រូវចៀសវាងហូប អ្នកលក់ដូរអាជីវកម្មសាច់សុនខត្រូវគិតគូរមុខរបរផ្សេង អ្នកអនុវត្តច្បាប់ត្រូវរៀបចំច្បាប់ ដេីម្បីគ្រប់គ្រងនិងចាត់វិធានការជាដេីម។ ល។ សូមជួយគ្នាដេីម្បីស្តារនិងពង្រឹង ប្រពៃណី ទំលៀមទម្លាប់ វប្បធម៌យេីង! វប្បធម៌ថេី្កនថ្កាន ជាតិរុងរឿង”៕