ពិតជាមិនធម្មតាមែន!​ ស្ងាត់ៗ​វៀតណាម ប្រឹងផលិតនាវាមុជទឹកដោយខ្លួនឯង ខណៈកំពុងមានជម្លោះដែនទឹកជាមួយចិន

197

(ហាណូយ)៖ ស្របពេលកំពុងមានជម្លោះដែនទឹកជាមួយចិននៅឯសមុទ្រចិនខាងត្បូង វៀតណាមត្រូវបានគេមើលឃើញថា បានបង្កើនសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំង តាមរយៈការទិញសព្វាវុធ ក៏ដូចជាចាប់ផ្ដើមរៀនផលិតនាវាមុជទឹក ដោយខ្លួនឯង ដូចជានាវាមុជទឹក Truong Sa 01 ជាដើម។ នេះបើតាមការដកស្រង់ការផ្សាយពីគេហទំព័រ Military Armed Force នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

នាវាមុជទឹកខ្នាតតូច Truong Sa 01 ត្រូវបានផលិតឡើងដោយអតីតសាស្ត្រាចារ្យខាងវិស្វកម្មនាវានៃសាកលវិទ្យាល័យ ទីក្រុងហាណូយ លោក Nguyen Quoc Hoa ហើយបច្ចុប្បន្នលោកបានក្លាយជាអ្នកជំនួញនាវាម្នាក់ នៅក្នុងខេត្ត Thai Binh។

គម្រោងផលិតនាវាមុជទឹក Truong Sa 01 ទទួលបានការគំាទ្រពីរដ្ឋាភិបាលវៀតណាម ដែលបាននិងកំពុងស្វះស្វែងអភិវឌ្ឍ សមត្ថភាពនាវាល្បាត និងនាវាមុជទឹក ស្របពេលកំពុងមានជម្លោះដែនទឹកជាមួយចិន នៅឯតំបន់សមុទ្រចិនខាងត្បូង។
នាវាមុជទឹកនេះ អាចបំលាស់ទីជាមួយទម្ងន់៨០តោន និងអាចមុជទៅក្រោមទឹកជំរៅ៦០ម៉ែត្រ ក្នុងរយៈ១៨ម៉ោង ព្រមទាំង អាចប្រតិបត្តិការបានចំងាយ ៨០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ក្រៅពីនាវាមុជទឹក វៀតណាមក៏ត្រូវបានគេរាយការណ៍ដែរថាបានទិញប្រព័ន្ធការពារដែនអាកាសពី ប្រទេសអ៊ីស្រាអែល និងមីស៊ីល BrahMos ពីប្រទេសឥណ្ឌាផងដែរ៕