សូមប្រយត្ន័!​ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ មានមនុស្សស្លាប់ ៣នាក់ ព្រោះអាកាសធាតុចុះត្រជាក់ខ្លាំងពេក

86

ថៃ៖ បុរសជនជាតិថៃអាយុ ៣៨ ឆ្នាំម្នាក់ បានរងាររហូតដល់ស្លាប់ ក្រោយអាកាសធាតុបានចុះត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថៃចុងក្រោយនេះ និងខណៈដែលរូបគាត់ផ្ទាល់មិនបានត្រៀមការពារខ្លួនទល់នឹងសីតុណ្ណភាពត្រជាក់នេះទាល់តែសោះ។ ហេតុការណ៍បានកើតឡើងនៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ ជាតំបន់មួយដែលអាកាសធាតុអាចចុះត្រជាក់ដល់ ៨ ឬ ៩​ អង្សាសេ ព្រោះតំបន់មួយនេះទទួលរងសម្ពាធខ្យល់ត្រជាក់បក់មកពីប្រទេសចិន។ សារព័ត៌មាន Worldofbuzz បានចុះផ្សាយហេតុការណ៍នេះថា បុរសជាជនរងមានកូនចំនួន ២​ នាក់ និងរស់នៅក្នុងជីវភាពមិនសូវធូរធារនោះទេ។

ក្នុងយប់នៃថ្ងៃកើតហេតុក្នុងផ្ទះរបស់គាត់មានភួយចំនួន ៣ សម្រាប់ប្រើប្រាស់ តែបុរសជាជនរងគ្រោះមិនបានយកភួយនោះមកប្រើទេ ដោយគាត់បានឲ្យភួយទាំងអស់ទៅកូនតូចម្នាក់ និងបាននិយាយថា គាត់អាចគេងដោយមិនបាច់ដណ្ដប់ភួយបាន។ យ៉ាងណាក្តី នៅពេលព្រឹកឡើងគេបានប្រទះឃើញបុរសជនរងគ្រោះ រឹងខ្លួននិងដាច់ដង្ហើមស្លាប់បាត់ទៅហើយ។ ក្រោយពិនិត្យសាកសពវេជ្ជបណ្ឌិតបានរកឃើញថា បុរសជនរងគ្រោះបានស្លាប់ព្រោះតែឈាមរបស់គាត់មិនអាចទទួលយកអាកាសធាតុត្រជាក់បាន។ សូមបញ្ជាក់ជូនថា រហូតមកទល់នឹងពេលនេះមានប្រជាពលរដ្ឋនៅក្នុងខេត្តឈៀងម៉ៃចំនួន ៣ នាក់ហើយបានស្លាប់បាត់បង់ជីវិត ក្រោយអាកាសធាតុបានចុះត្រជាក់ក្នុងរយៈពេលប៉ុន្មានថៃ្ងចុងក្រោយនេះ៕ ប្រភព៖ Khmer Note