ឧត្តរមានជ័យ ៖ បុរសជនជាតិថៃ ២នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែនពីថៃមកកម្ពុជា ជាមួយនឹងថ្នាំញៀនជិត៨គីឡូក្រាម។
មន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ឲ្យដឹងថា លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង១០នាទី បានដឹកនាំកម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក៩) បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿង ញៀនឆ្លងដែនពីថៃមកកម្ពុជា(ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់)។
ប្រតិបត្តិការនេះ ដោយមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ នៅចំណុច ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ០២នាក់ ទី១. ឈ្មោះ ប្រាក់ ស៊ុប ភេទប្រុស ជនជាតិថៃ កើតថ្ងទី២០/១០/១៩៨៦ មុខរបរកសិករធ្វើស្រែ កាន់លិខិតឆ្លងដែនលេខ AB2613142 រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ថៃ និងទី២. ឈ្មោះ ណាត ថាភុន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិថៃ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ។ ការឃាត់ខ្លួននេះ កម្លាំងបានចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្ត ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី៕
ប្រភព kampucheathmey