ជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគនៅកម្ពុជាលើរោងចក្រផលិតសំបកកង់រថយន្ត និងយន្តហោះដោយសារវត្ថុធាតុដើមមានច្រើន

167

អ្នកវិនិយោគមួយក្រុមមកពីជប៉ុន បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីឱកាសវិនិយោគនៅកម្ពុជា ជាពិសេសលើរោងចក្រផលិតសំបកកង់រថយន្ត និងយន្តហោះដែលមិនទាន់មាននៅក្នុងប្រទេស​កម្ពុជា។ ការចាប់អារម្មណ៍នេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តមកិត្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងប្រតិភូជម្រុញការវិនិយោគមកពីប្រទេសជប៉ុនមួយក្រុម ដែលសម្របសម្រួលដោយសមាគមកម្ពុជា-ជប៉ុន ដឹកនាំដោយលោក Fumiaki Takahashi ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។

នៅក្នុងជំនួបពិភាក្សាឯកឧត្តមកិត្តសេដ្ឋាបណ្ឌិតបានលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍បណ្ដាក់ទុនឲ្យកាន់តែច្រើនថែមទៀត ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ដែលកម្ពុជាបានរៀបចំបង្កើតឡើងជាច្រើនតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា បន្ទាប់ពីភាគីជប៉ុនចង់ទទួលបានការណែនាំមួយចំនួនពីឯកឧត្តម និងចង់សិក្សាស្វែងយល់ពីវិស័យឧស្សាហកម្ម និងឱកាសវិនិយោគនៅកម្ពុជា។

ក្រោយពេលទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អ្នកវិនិយោគជប៉ុនបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរោងចក្រផលិតសំបកកង់រថយន្ត និងយន្តហោះដែលពុំទាន់មាននៅកម្ពុជា ស្របពេលដែលវត្ថុធាតុដើមមានច្រើន ពោលគឺចំការកៅស៊ូប្រមាណជាង ៣០ ម៉ឺនហិកតាផងដែរ៕ យ៉ាងណាមិញលោក Fumiaki Takahashi និងប្រតិភូវិនិយោគជប៉ុន បានសម្តែងនូវទឹកចិត្តរីករាយចំពោះបទបង្ហាញ និងមានការចាប់អារម្មណ៌ចំពោះស្ថានភាពអំណោយផលនៅកម្ពុជា ដែលជាកត្តាងាយស្រួលក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។

ប្រភព KHMERNOTE