ក្នុងមួយរយៈពេលថ្មីៗនេះ ដូចដែលប្រិយមិត្ដបានដឹងរួចមកហើយ ចំពោះរឿងរ៉ាវជនជាតិចិន បានចេញធ្វើសកម្មភាពនានាជាច្រើន ក្នុងការប្លន់ ប្រជាពលរដ្ឋ ក៏ដូចជាជនជាតិចិនដូចគ្នា ដោយវាបានប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយរថយន្ដ និងបានចាប់ជម្រិត បង្កធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចទៅដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
យ៉ាងណាមិញ ក្រឡែកទៅមើលខេត្ដពោធិ៍សាត់ឯណោះវិញ កាលពីពេលថ្មីៗនេះ ក៏មានរឿងរ៉ាវស្រដៀងនេះ បានកើតឡើងផងដែរ ដោយមានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Thuy Ps Thuy Ps បានបង្ហោះរូបថតជនសង្ស័យជាជនជាតិចិនម្នាក់ បានបម្រុងធ្វើសកម្មភាពប្លន់ផ្ទះគាត់តែម្ដង តែជាសំណាងល្អមិនមានអ្វីកើតឡើង។
ក្នុងនោះដែរ ម្ចាស់គណនីរូបនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”ចូលប្រុងប្រយ័ត្នទាំងអស់គ្នា អ្នកពោធិ៍សាត់ មានជនជាតិចិនជិះម៉ូតូស្មាស់ ផ្លាកលេខ 1F-1295 ភ្នំពេញចូលបំរុងប្លន់យកលុយផ្ទះខ្ញុំ បើបានឃើញ ផ្លាកលេខដូចខាងលើសូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ មិញហ្នឹង ប៉ូលីសតាមមិនទាន់បាន”។
ដោយឡែក រឿងរ៉ាវខាងលើមិនទាន់បានចប់សព្វគ្រប់ផងនោះ ស្រាប់តែមុននេះបន្ដិច នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ មានរឿងរ៉ាវដូចទៅនឹងករណីខាងលើនេះ ដោយនារីម្នាក់ គាត់មានគណនី ហ្វេសប៊ុកឈ្មោះ Socheata Vit Vit ក៏បានជួបនឹងចោរប្លន់ជនជាតិចិននោះដែរ និងបានបម្រុងធ្វើសកម្មភាពប្លន់មកលើក្រុមគ្រួសាររបស់នាងផងដែរ។
ទន្ទឹមនឹងនោះ នារីដ៏ស្រស់ស្អាតរូបនេះបានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃមុនឃើញគេបង្ហោះរឿងចិនចង់ចូលមកប្លន់នៅដប់បាត តែថ្ងៃនេះមកដល់ផ្ទះខ្ញុំផ្ទាល់ គាត់ធ្វើជាមកទិញទឹកក្រូច៤កំប៉ុង ហើយអោយលុយ១០០ដុល្លារ សូមបងប្អូនអ្នកពោធិ៍សាត់ទាំងអស់ មានការប្រុងប្រយ័ត្ន បើឃើញជននេះចូលទៅទិញឥវ៉ាន់សូមរាយការណ៏ទៅដល់ប៉ូលីសភ្លាមៗ”។