កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានដាក់ដំណើរការកន្លែងធ្វើលិខិតឆ្លងដែនថ្មីនៅផ្សារទំនើបអ៊ីអន ២ ។ ក្រោយការបើកដំណើរការមានប្រជាពលរដ្ឋ ទៅទទួលសេវាយ៉ាងកកកុញមិនដែលលុះថ្ងៃ ។ ជាក់ស្ដែងលោក ឬទ្ធិ ទើបទៅធ្វើលិខិតឆ្លងដែនធម្មតា នៅទីតាំងថ្មីនេះ បានបង្ហាញបទពិសោធថា ងាយស្រួល លឿន រហ័ស សេវាកម្មល្អជាងពីមុនឆ្ងាយ ។
លោកបានរៀបរាប់ឱ្យដឹងថា ទៅដល់ភ្លាមត្រូវទៅទិញពាក្យដើម្បីបំពេញបែបបទ តម្លៃ ១០០០ រៀល ដោយគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាការស្រេច ។ បន្ទាប់ពីបានពាក្យនោះហើយ ត្រូវបំពេញដោយប្រុងប្រយ័ត្ន កន្លែងណាមិនច្បាស់គួរតែសួរអ្នកដែលបំពេញបានត្រឹមត្រូវ ។ បន្ទាប់ពីបំពេញរួចរាល់ត្រូវយកទៅដាក់នៅកន្លែងទទួលពាក្យ ដោយមានមន្ត្រីរង់ចាំទទួល និង ធ្វើការត្រួតពិនិត្យ ថា តើបងប្អូនប្រជាពលរដ្ឋបំពេញត្រឹមត្រូវឬទេ។ ករណីបំពេញខុស មន្ត្រីនឹងហៅឈ្មោះអ្នកដែលដាក់ពាក្យស្នើសុំនោះឱ្យទៅបំពេញសាថ្មី ដោយករណីខ្លះអាចលុប ឬ កែ តែប្រសិនបើខុសច្រើនពេកត្រូវទៅទិញពាក្យបំពេញម្ដងទៀត ។
មន្ត្រីកន្លែងទទួលពាក្យនឹងយកពាក្យស្នើសុំនោះទៅថតចម្លង បន្ទាប់មកនឹងហៅឈ្មោះតាមមេក្រូ អ្នកដែលបំពេញបានត្រឹមត្រូវ ដើម្បីយកទៅដាក់បន្តបន្ទាប់តាមនីតិវិធី ហើយត្រូវបង់ថ្លៃសេវា ១០០០ រៀលម្ដងទៀត ។ មន្ត្រីនឹងយកពាក្យស្នើសុំនោះ ដើម្បីត្រួតពិនិត្យម្ដងទៀត ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណថតចម្លងទាំងសងខាង ព្រមទាំងបោះត្រាបញ្ជាក់ ដើម្បីទៅតម្រង់ជួររង់ចាំថតរូប ដោយត្រូវបង់ថ្លៃសេវា ១ ៦០០០ រៀល ។ ក្រោយបងប្អូនថតរូបហើយ មន្ត្រីនឹងសម្ភាសខ្លះៗពាក់ព័ន្ធនឹងប្រវត្តិរូបសង្ខេប ទីកន្លែងរស់នៅ មុខរបរជាដើម ដើម្បីផ្ទៀងផ្ទាត់ឱ្យច្បាស់ ។
ដំណាក់កាលចុងក្រោយត្រូវយកលុយទៅបង់តម្លៃលិខិតឆ្លងដែន ដែលបងប្អូនជ្រើសរើស យក ១៥ ថ្ងៃបាន ៧ ថ្ងៃបាន ឬ ១ ថ្ងៃបាន ។ ប្រសិនបើតម្លៃរយៈ ១៥ ថ្ងៃ គឺ ១០០ ដុល្លារ, ៧ ថ្ងៃ ១៥០ ដុល្លារ និង ១ ថ្ងៃតម្លៃ ២០០ ដុល្លារ ។ បង់ថ្លៃសេវារួចរាល់មន្ត្រីនឹងចេញវិក្កយបត្រតូចមួយ ដែលបញ្ជាក់ពីថ្ងៃរង់ចាំ និង ថ្លៃសេវា ហើយវិក្កយបត្រនោះមាន QR Code នៅខាងចុងសន្លឹក ។ គ្រប់ចំនួនថ្ងៃត្រូវទៅទទួល បងប្អូនគ្រាន់តែបង្ហាញក្រដាសវិក្កយបត្រ នោះមន្ត្រីនឹងស្កេន QR Code ហើយប្រគល់លិខិតឆ្លងដែននោះតែម្ដង ។
រាល់ដំណាក់កាលនីមួយៗ មន្ត្រីមានការយកចិត្តទុកដាក់ខ្លាំង ទឹកមុខរួសរាយ កន្លែងណាដែលប្រជាពលរដ្ឋមិនសូវយល់ពួកគាត់នឹងជួយប្រាប់ណែនាំឱ្យកែតម្រូវ ។ ឯទីកន្លែងវិញប្រកបដោយផាសុកភាព បំពាក់ដោយម៉ាស៊ីនត្រជាក់ មានកៅអីអង្គុយរង់ចាំ ៕