ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេបង្អស់របស់វៀតណាម គឺ VinFast បានសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតរថយន្តរបស់ខ្លួន ក្នុងដំណាក់កាលដំបូង កាលពីថ្ងៃសុក្រ ទី ១៤ មិថុនា ២០១៩ មុនពេលកំណត់រហូតដល់ទៅ ៣ ខែឯណោះ ។
ស្ថិតនៅក្នុងដំណាក់កាលដំបូង រោងចក្រដែលស្ថិតនៅទីក្រុង Hai Phong ខាងលើ មានសមត្ថភាពអាចផលិតរថយន្តសរុប ២៥០ ០០០ គ្រឿង និង កង់អគ្គិសនី ២៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ។ វានឹងបង្កើនការផលិតទ្វេរដង នៅពេលដែលដំណាក់កាលទី ២ បានបញ្ចប់ក្នុងឆ្នាំ ២០២៥ ។
រោងចក្រនេះប្រើពេលសាងសង់ត្រឹមរយៈពេល ២១ ខែប៉ុណ្ណោះ ហើយវាអាចផលិតរថយន្តបាន ៣៨ គ្រឿងក្នុងរយៈពេលមួយម៉ោង ។ VinFast បានកំណត់ប្រើប្រាស់គ្រឿងគ្រូវក្នុងស្រុក ៦០% សម្រាប់ផលិតរថយន្ត និង ១០០% សម្រាប់ផលិតកង់អគ្គិសនីរបស់ខ្លួន ។
គួរឱ្យដឹងផងដែរថា រថយន្តដំបូងបង្អស់របស់ VinFast ម៉ូដែល Fadil នឹងត្រូវដឹកជញ្ជូនឱ្យអតិថិជន នៅថ្ងៃច័ន្ទ ទី ១៧ មិថុនា ២០១៩ នេះតែម្តង ។ វាគឺជារថយន្តលក្ខណៈគ្រួសារខ្នាតតូចមួយ ដែលមានតម្លៃត្រឹមតែ ៣៩៤,៥ លានដុង ឬ ១៦ ៩០០ ដុល្លារប៉ុណ្ណោះ ដោយប្រើម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៩៨ សេះ ហើយប្រើប្រអប់លេខអូតូ CVT និង មានកៅអីអង្គុយ ៥ ៕
ប្រភព ៖ ប្រជាប្រិយ