អាជ្ញាធរកម្ពុជាបានបិទទិដ្ឋាការជនបរទេស ដែលបង្ហោះវីដេអូបំភ័យភ្ញៀវទេសចរមិនឲ្យមកកម្ពុជា និងដាក់ពាក្យបណ្តឹងកាន់ក្រុមហ៊ុន Google និងFacebook

154

ដូចដែលប្រិយមិត្ដ ប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ មានវីដេអូមួយ ត្រូវបានមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះការខឹងសម្បារយ៉ាងខ្លាំង ហើយក៏មានការចែករំលែកនូវវីដេអូមួយនេះឡើងពេញបណ្ដាញសង្គមតែម្ដង ដែលស្ដីពីបុរសជនជាតិបរទេសមួយរូប មានChannel Youtube ឈ្មោះ James FT ដោយបានបង្ហោះវីដេអូមួយ រិះគន់ចំពោះបញ្ហាបរិស្ថាននៅទីក្រុងភ្នំពេញ និងនិយាយថាគ្មានកន្លែងឲ្យខ្លួនស្វែងរកសេវា ផ្លូវ ភេទ ដូចនៅប្រទេសថៃ រួចដាក់ចំណងជើងថា៖”Why you should not visit Cambodia”។

យ៉ាងណាមិញ ទាក់ទងចំពោះរឿងប្រមាថជាតិសាសន៏ ពីសំណាក់ជនបរទេសខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនបរទេស ដែលថតវីដេអូបង្ហោះបំភ័យភ្ញៀវទេសចរមិនឲ្យមកកម្ពុជា

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះថា បន្ទាប់ពីមានបុរសជនជាតិបរទេស ដែលបានបង្ហោះវីដេអូឲ្យភ្ញៀវបរទេស មកលេងកម្ពុជា ដែលប៉ះពាល់កិត្តិយស និងគោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុមមេធាវីផងដែរ ដើម្បីរកវិធីចាត់ការចំពោះជនបរទេសដ៏គម្រក់ម្នាក់នោះ។
ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួងទេសចរណ៍ គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បីស្នើសុំឲ្យលុបវិដេអូនោះចោល។
លោករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងទេសចរណ៍បានសម្រេចស្នើ ទៅក្រសួងមហាផ្ទៃ ដើម្បីបិទទិដ្ឋាការជនបរទេសរូបនោះ មិនឲ្យចូលមកកម្ពុជាជាអចិន្ត្រៃយ៍តែម្តង ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឯកភាពតាមសំណើរបស់ក្រសួងហើយ។

មួយវិញទៀត ក្រសួងទេសចរណ៍នឹងដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Google និង Facebook ដើម្បីស្នើសុំឲ្យលុបវីដេអូដែលជនបរទេសរូបនោះបានបង្ហោះ។ លោក ថោង ខុន បានបញ្ជាក់ថា ចំពោះវីដេអូរបស់ជនបរទេសរូបនោះ ក្រសួងទេសចរណ៍នឹងរៀបចំសំណើ ទៅកាន់ក្រសួងការបរទេស និងកិច្ចហសប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ការលើជនបរទេសដ៏គំរក់រូបនោះបន្ថែមទៀត»។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ ដែលអះអាងថា ជាជនជាតិអ៊ីរ៉ង់ រស់នៅប្រទេសហូឡង់ មាន YouTube ឈ្មោះថា «James FT» បានថតវីដេអូនៅកន្លែងមួយចំនួនរបស់កម្ពុជា បង្ហោះក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដោយរូបគេក៏បាននិយាយក្នុងវីដេអូនោះ ពាក់ព័ន្ធនឹងកិតិ្តយស និងគោលដៅទេសចរណ៍ កម្ពុជា ។

បន្ទាប់ពីមានការបង្ហោះនេះ ទាំងវិស័យឯកជនផ្នែកទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានប្រតិកម្មថ្កោលទោស ចំពោះទង្វើដ៏គម្រក់នេះ និងស្នើឲ្យសមត្ថកិច្ច ចាត់វិធានការចំពោះជនបរទេសរូបនោះផងដែរ៕