ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងនៅថ្ងៃទី ១៦ ខែធ្នូនេះថា មន្ទីរពេទ្យព្រះកេតុមាលា ឬមន្ទីរពេទ្យទាហាន បច្ចុប្បន្នេះ មានសមត្ថភាព អាចព្យាបាល និងវះកាត់ដោះដូរក្រលៀន (គ្រឿងក្នុង) និងសរីរាង្គមួយចំនួនបាន ដោយមិនចាំបាច់ចំណាយថវិកាច្រើន ចេញទៅព្យាបាលនៅពេទ្យក្រៅប្រទេសឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា ការដូរក្រលៀន ឬសរីរាង្គក្នុងមួយចំនួននៅពេលនេះ គឺអាចធ្វើបានប្រកបដោយសុវត្ថិភាព នៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន)។ ក្នុងន័យនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យពលរដ្ឋ ដែលកំពុងជួបបញ្ហាដូរក្រលៀន កុំអស់សង្ឃឹមឱ្យសោះ ទោះបីគ្មានប្រាក់ គឺឱ្យតែមានសាច់ញាតិបងប្អូនកូនចៅ ឬគ្រួសារអ្នកជំងឺមានគ្រលៀនប្រភេទដូចគ្នា គឺអាចមកពិភាក្សា ព្យាបាល និងដោះដូរនៅមន្ទីរពេទ្យនេះបាន ដែលមានគុណភាពល្អដូចមន្ទីរពេទ្យនៅក្រៅប្រទេសផងដែរ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានហាមឃាត់ដាច់ខាតចំពោះអំពើជួញដូរក្រលៀន និងគ្រឿងក្នុងមនុស្សដោយខុសច្បាប់ ដែលនឹងត្រូវផ្តន្ទារទោសយ៉ាងធ្ងន់ធ្ងរមិនលើកលែងឡើយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីឱ្យស័ក្តិសមជាកន្លែងព្យាបាលរបស់ជាតិ ក្នុងការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរ៕