ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងព្រះរាជាណាចក្រកម្ពុជា និងវៀតណាម…

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញ បន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖

មាត្រា១​ ៖ អនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះលេខានៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ហើយដែលមានអត្តបទទាំងស្រុងភ្ជាប់មកជាមួយនេះ។

មាត្រា២៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាត្រូវបន្តរាល់នីតិវិធី ដើម្បីអនុវត្តសន្ធិសញ្ញាបំពេញបន្ថែមនេះ។

មាត្រា៣៖ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់៕

សន្ធិសញ្ញាបំពេញបន្ថែមនេះ គឺ ត្រូវបានរដ្ឋសភា ផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២០ ខែធ្នូ នេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋសភា ៕