ហួសចិត្ត!!​ ប្រាក់ឈ្មួលឡើង ៨ដុល្លារ ខណៈម្ចាស់បន្ទប់ជួល គ្រោងដំឡើងថ្លៃបន្ទប់ ១០ដុល្លារ ចាប់ពីថ្ងៃ១មករា២០២០

116

ភ្នំពេញ៖ ម្ចាស់បន្ទប់ជួល បានប្រកាសថា នឹងដំឡើងថ្លៃចាប់ពីខែមករា ឆ្នាំ២០២០ តទៅ ដែលបានធ្វើឱ្យកម្មករកំពុងព្រួយបារម្ភថា ពួកគេមិនទទួលបានអត្ថប្រយោជន៍អ្វីទាល់តែសោះ ពីការដំឡើងប្រាក់ឈ្នួល តែផ្ទុយទៅវិញ ម្ចាស់ផ្ទះជួលទៅវិញទេ ជាអ្នកទទួលបានអត្ថប្រយោជន៍ពីការដំឡើងប្រាក់ឈ្មួលនេះ។

កម្មករម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ម្ចាស់ផ្ទះជួលបានជូនដំណឹងទៅពួកគេថា ចាប់ពីខែមករា ឆ្នាំ២០២០ តទៅ ម្ចាស់ផ្ទះជួល នឹងដំឡើងថ្លៃចំនួន ១០ដុល្លារបន្ថែមទៀត លើតម្លៃបន្ទប់ដែលបានជួលបច្ចុប្បន្ន។ ចំពោះបន្ទប់តម្លៃ ២៥ដុល្លារ នឹងឡើងទៅ ៣៥ដុល្លារ, បន្ទប់តម្លៃ ៣៥ដុល្លារ ឡើងទៅ៤៥ដុល្លារ, បន្ទប់តម្លៃ ៤០ដុល្លារ នឹងឡើងទៅ ៥០ដុល្លារ និងបន្ទប់តម្លៃ ៨០ដុល្លារ នឹងត្រូវឡើងទៅ ៩០ដុល្លារ។ កម្មកររូបនេះ ក៏បានឱ្យដឹងដែរថា ម្ចាស់ផ្ទះជួលនៅស្ទើរគ្រប់កន្លែង បានប្រកាសត្រៀមដំឡើងថ្លៃដូចគ្នានេះ និងបានសំណូមពរទៅរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធ ឱ្យជួយអន្តរាគមន៍ផង។

ទាក់ទងនឹងបញ្ហានេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានចាត់ទុកការត្រៀមដំឡើងថ្លៃបន្ទប់ជួលនេះថា ជាការហួសហេតុ ខណៈប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២០ ដំឡើងបានតែ ៨ដុល្លារ ប៉ុន្តែផ្ទះជួលមួយចំនួន បានឡើងរហូតដល់១០ដុល្លារឯណោះ។ ការដំឡើងថ្លៃផ្ទះជួលនេះ នឹងអាចប៉ះពាល់ដល់កម្មករជាក់ជាមិនខាន ដោយលោកបានសង្កេតឃើញថា ម្ចាស់ផ្ទះជួលមួយចំនួន បានកេងប្រវ័ញ្ចលើកម្មករ សូម្បីតែថ្លៃទឹកភ្លើង ក៏លក់ឱ្យកម្មករមានតម្លៃខ្ពស់ជាងតម្លៃរបស់រដ្ឋដែរ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មកររូបនេះ បានស្នើឱ្យមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យឡើងវិញនូវកិច្ចសន្យាជាមួយផ្ចាស់ផ្ទះជួល ដើម្បីជាទំនុកចិត្តដល់កម្មករកម្មការិនី និងដើម្បីធានាថា កម្មករកម្មការិនី ពិតជាទទួលបានអត្ថប្រយោជន៍ពីការដំឡើងប្រាក់ឈ្នួលដល់ពួកគេ។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងការងារ ធ្លាប់បានក្រើនរំឭកដល់ម្ចាស់ផ្ទះជួលជារឿយៗថា កុំឱ្យដំឡើងថ្លៃបន្ទប់ជួល ឬបើឡើងថ្លៃឡើងបន្តិចបន្តួចបានហើយ៕