ស្ងាត់ៗថៃ កំពុងស្នើដាក់ “បុណ្យសង្ក្រាន្ត” ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទៅអង្គការយូណេស្កូ

99

ថៃ៖ កាលលពីថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ ក្រសួងវប្បធម៌ប្រទេសថៃបានប្រកាសថា គណៈកម្មាធិការទទួលខុសត្រូវក្នុងការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខ្លួន បានសម្រេចចិត្តស្នើដាក់ “បុណ្យសង្ក្រាន្ត” (បុណ្យចូលឆ្នាំថៃ) ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទៅយូណេស្កូ។ លោក Itthiphol Kunplome រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃបាននិយាយកាលពីថ្ងៃច័ន្ទថា គណៈកម្មាធិការនេះនឹងបញ្ជូនសំណើរនេះទៅគណៈរដ្ឋមន្រ្តីសម្រាប់ការអនុម័តនៅខែកុម្ភៈឆ្នាំក្រោយ ហើយបញ្ជូនទៅអង្គការយូណេស្កូក្នុងខែបន្ទាប់។

រដ្ឋមន្រ្តីបាននិយាយថា វាគួរតែចូលក្នុងដំណើរការចុះបញ្ជីរបស់យូណេស្កូនៅឆ្នាំ២០២២ ក្នុងពេលឆាប់បំផុត។ លោក Itthiphol បាននិយាយថា តុមយ៉ាមឃុង (Tom Yum Kung) ឬស៊ុបបង្គាហឹររបស់ថៃ ​ក៏នឹងត្រូវបញ្ជូនទៅជាបន្តបន្ទាប់។ លោកក៏បានមានប្រសាសន៍ថា យូណេស្កូក៏បានដាក់បញ្ចូល “ម៉ាស្សាបែបបុរាណថៃ” របស់ប្រទេសថៃជាបេតិកភណ្ឌវប្បធម៌អរូបី ហើយនឹងមានប្រសិទ្ធភាពនៅឆ្នាំ២០២១ ផងដែរ៕

 

 

 

ប្រភព៖ Khmer Note