អស្ចារ្យណាស់!! កូនខ្មែរម្នាក់អាចច្នៃបង្កើតយន្តហោះជិះបាន ផ្អើលដល់សារព័ត៌មានបរទេសចុះផ្សាយ (មានវីដេអូ)

380

ស្វាយរៀង៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលកូនខ្មែរមួយរូប មានសមត្ថភាពដ៏ពិសេសអស្ចារ្យ អាចធ្វើយន្តហោះដែលច្នៃប្រឌិត បានដោយខ្លួនឯងដើម្បីសម្រេចក្តីស្រមៃ ដោយគ្រាន់តែចំណាយពេល មើលវីដេអូលើ Youtube តែប៉ុណ្ណោះ។ នេះបើយោងតាម ប្រភពសារព័ត៌មានដ៏ល្បី របស់ចក្រភពអង់គ្លេស BBC បានចុះផ្សាយ។

លោក ប៉ែន ឡុង (Paen Long) អាយុ៣០ឆ្នាំ មានដើមកំណើត ក្នុងភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានគេចាត់ទុកថា ជាកូនខ្មែរដំបូងគេម្នាក់ ដែលមានគំនិតច្នៃប្រឌិតបង្កើតយន្តហោះបាន ដោយគ្រាន់តែរៀនតាមរយៈវីដេអូលើ Youtube ដោយគ្មានបានហាត់រៀនត្រឹមត្រូវ ចេញពីសាលាណាមួយ ឬមានគំនិតពីអ្នកដទៃជួយជ្រោមជ្រែងឡើយ។

លោក ប៉ែន ឡុង បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា រូបលោកកើតចេញពីត្រកូលគ្រួសារកសិករ ដ៏សមរម្យមួយ មានបងប្អូនប្រុសស្រីចំនួន៦នាក់។ លោកថា ក្តីស្រមៃរបស់លោកចង់ធ្វើយន្តហោះនេះឡើង តាំងតែពីតូចមកម្ល៉េះ ពោលគឺនៅអាយុ៦ឆ្នាំ។

ដោយសារតែចិត្តស្រលាញ់ ចង់សម្រេចនូវក្តីស្រមៃរបស់ខ្លួន លោក ប៉ែន ឡុង បានស្រាវជ្រាវលើអ៊ីនធើណែត និងមើល Youtube ដែលមានវីដេអូជាច្រើន បង្ហាញពីសកម្មភាពយន្តហោះហើរឡើង ចុះចត និងសកម្មភាពរោងចក្រផលិតឧទ្ធម្ភាគចក្រជាដើម ដើម្បីជាឱកាសមួយសម្រាប់គាត់ ក្នុងការរៀនធ្វើតាម។

លោក ប៉ែន ឡុង និយាយថា «ខ្ញុំចាប់ផ្តើមធ្វើយន្តហោះនេះឡើង ជាសំងាត់បំផុត ដោយសារតែខ្ញុំខ្លាចអ្នកដទៃគេសើចចំអកមកលើខ្ញុំ។ ដូច្នេះហើយទើបមានពេលខ្លះ ខ្ញុំត្រូវឆ្លៀតធ្វើវាទាំងយប់» ។

បើតាមប្រភព បានឲ្យដឹងថា ចំពោះយន្តហោះលោក ប៉ែន ឡុង បានច្នៃបង្កើតឡើងនេះ គឺយកលំនាំតាមយន្តហោះរបស់ជប៉ុន ដែលត្រូវបានគេប្រើក្នុងសង្គ្រាមលោកលើកទី២។ លោកបានបញ្ជាក់ថា យន្តនេះមានទម្ងន់សរុប ៥០០គីឡូក្រាម ប្រវែងប្រមាណ៤.៧០ម៉ែត្រ ស្លាបទាំងសងខាងប្រវែង ៥.៥ម៉ែត្រ ឯការផ្ទុកប្រេងសាំងមានចំណុះ៦០លីត្រ និងមានកន្លែងសម្រាប់អ្នកអង្គុយបើកបរ បានតែម្នាក់ប៉ុណ្ណោះ។ ចំណែកតួនៃយន្តហោះ ត្រូវបានធ្វើឡើងពីដែកធុងសាំងចំនួន២ និងស្លាបកង្ហារមួយនៅខាងមុខមានប្រវែង ១.២តឹក ធ្វើអំពីឈើ ទម្ងន់ស្លាប៣គីឡូក្រាម និងកម្លាំងម៉ាស៊ីន៣៥សេស។

ប្រភពបន្តថា កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៧កន្លងទៅនេះ រូបលោកបានសាកល្បងធ្វើការហោះហើរជាលើកដំបូង ដោយមានមនុស្សចំនួន៣នាក់ ជួយរុញពីក្រោយផងដែរ។ ប៉ុន្តែជាអកុសល ខណៈហោះបានកម្ពស់ត្រឹមតែ ៥០ម៉ែត្រប៉ុណ្ណោះ ស្រាប់តែម៉ាស៊ីនគាំងលែងដំណើរការ បណ្តាលឲ្យធ្លាក់មកដីវិញតែម្តង។ ជាហេតុធ្វើឲ្យអ្នកស្រុកជាច្រើន នាំគ្នាសើចចំអកនិងស្តីបន្ទោសលើរូបគាត់យ៉ាងខ្លាំង ហើយភ្លាមៗនោះ ទឹកភ្នែកលោកក៏បានហូរស្រក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ប៉ែន ឡុង នៅតែមិនបោះបង់ តស៊ូជំនះ ព្យាយាមធ្វើយ៉ាងណា សម្រេចក្តីស្រមៃរបស់គាត់ឲ្យទាល់តែបាន។

លោក ប៉ែន ឡុង បានឲ្យដឹងថា បើតាមការប៉ាន់ប្រមាណរបស់គាត់ យន្តហោះដើមប្រភេទនេះ អាចមានតម្លៃខ្ទង់ជាង១ម៉ឺនដុល្លារ ប៉ុន្តែសម្រាប់គាត់នៅពេលនេះវិញ បានចំណាយអស់ប្រាក់ជាង៣ពាន់ដុល្លារហើយ ក្នុងការបង្កើតវាឡើងនេះ។ លោកនិយាយថា រូបលោកមិនដែលគិតចំណាយលុយជាច្រើន លើរបស់អ្វីផ្សេងឡើយ។ ជាក់ស្តែង លោកទុកលុយចំណាយតែលើ ការធ្វើយន្តហោះនេះតែប៉ុណ្ណោះ ហើយរាល់ការចំណាយកន្លងមក លោកក៏មិនស្តាយក្រោយឡើយ។

ជាមួយគ្នានេះដែរ បងស្រី ហ៊ីង មួយហេង (Hing Mouyheng) វ័យ២៩ឆ្នាំ ត្រូវជាភរិយា លោក ប៉ែន ឡុង ក៏បានឲ្យដឹងដែរថា រូបគាត់ពិតជាមានការព្រួយបារម្ភ ទៅលើសុវត្ថិភាពប្តីរបស់គាត់ខ្លាំងណាស់ ណាមួយមានកូនប្រុសតូចៗចំនួន២នាក់ ដែលត្រូវមើលថែទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គាត់និងគ្រួសារនៅតែ ជំរុញនិងគាំទ្រទៅលើស្នាដៃរបស់ លោក ប៉ែន ឡុង ជាស្វាមីជានិច្ច។