សុំម្នាក់មួយ​ ស៊ែរមកកូនខ្មែរ!! ប្រវត្តិ “សម្លកកូរ” របស់ខ្មែរយើងដែរកូនខ្មែរមួយចំនួនមិនដែរដឹង!​ (មានវីដេអូ)

1467

ប្រិយមិត្តអ្នកអានទាំងអស់ប្រាកដជាស្គាល់យ៉ាងច្បាស់ពីមុខម្ហូបខ្មែរមួយមុខ ដែលផ្សំឡើងពីបន្លែជាច្រើនប្រភេទ និងមានរសជាតិឆ្ងាញ់ពិសា និងជាមុខម្ហូបពេញនិយម មិនថាក្នុងគ្រួសារខ្មែរយើង ឬក៏បរទេសនោះទេ នោះគឺមុខម្ហូប “សម្លកកូរ”។

ប្រហែលជាមានមិត្តអ្នកអានតិចណាស់ ដែលដឹងអំពីប្រវត្តិ របស់មុខម្ហូបខ្មែរមួយមុខនេះ ដូចច្នេះ កូនខ្មែរសូមលើកយក ប្រវត្តិរបស់សម្លកកូរខ្មែររបស់ខ្មែរ យើង ជូនមិត្តអ្នកអានទាំងអស់ ទុកជាចំណេះដឹង។

សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្ដាប់រឿងដំណាលមួយពាក់ព័ន្ធនឹងសម្លកកូរខ្មែរនេះ។
កាលនោះមានរឿងដំណាលថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម គុជមនោរាជ។ ថ្ងៃមួយព្រះអង្គចង់យាងទៅប្រពាតព្រៃក៏គង់នៅលើសេះ ដើម្បីទៅបរបាញ់សត្វព្រៃកម្សាន្តហឫទ័យមួយអង្គឯងដោយពុំឲ្យនរណាម្នាក់ដឹងឡើយ។ ពេលទៅដល់ក្នុងព្រៃ ព្រះអង្គបានសព្វព្រះរាជហឫទ័យស្លុងនឹងសម្រស់ធម្មជាតិ។

ក្នុងខណៈនោះ ព្រះអង្គបានទតឃើញសត្វឈ្លូសមួយក្បាលកំពុងស៊ីស្មៅដោយឥតដឹងខ្លួន។ ព្រះអង្គចង់បញ្ចេញស្នាដៃសាកល្បង ក៏ទាញធ្នូមកបាញ់សំដៅឈ្លូសនោះ ប៉ុន្តែផ្លែព្រួញនោះរត់ទៅមិនចំគោលដៅ បែរទៅជាប់គល់ឈើទៅវិញ ហើយឈ្លូសក៏រត់គេចយ៉ាងលឿន ខណៈដែលព្រះអង្គខំប្រឹងបំផាយសេះដេញតាមកាត់វាលចូលព្រៃដោយមិនគិតពីគ្រោះថ្នាក់ឡើយ។

មិនត្រឹមតែដេញមិនទាន់សត្វនោះ ព្រះអង្គថែមទាំងអស់កម្លាំងហេវហត់ ខ្លួនប្រាណមុតបន្លា ស្នាមមែកឈើវាត់ត្រូវពេញទាំងខ្លួន និងថែមទាំងវង្វេងមិនដឹងទៅខាងណាទៀត។ ខណៈនោះ ព្រះអង្គបានទតឃើញដំបូលផ្ទះមួយនៅឆ្ងាយ ក៏ខំប្រឹងតស៊ូជិះសេះសំដៅទៅភូមិនេះ។

ដោយអស់កម្លាំងពេក ព្រះអង្គក៏សន្លប់ លែងដឹងខ្លួននៅលើខ្នងសេះ ឯសេះក៏ចេះតែដើរទៅមុខរហូតដល់ផ្ទះមួយនៅចុងភូមិ។ ព្រះអង្គត្រូវបានជួយសង្គ្រោះ និងស្នាក់នៅផ្ទះតូចនៃគ្រួសារមួយ មានសមាជិកបីនាក់ ឪពុកម្ដាយ និងកូនស្រីម្នាក់។ រស់នៅទីនោះ ព្រះអង្គតែងតែឃើញគ្រួសារនេះចម្អិនម្ហូបដដែលៗ ដែលមានដាក់បន្លែជាច្រើនមុខ ហើយព្រះអង្គនឹកងឿងឆ្ងល់ក្នុងហឫទ័យក៏សួរទៅកាន់ នាងជាកូនស្រីថា តើនេះជាអ្វី? “គឺសម្ល១០០មុខ” នាងនោះឆ្លើយ។

ងាកមកនិយាយពីព្រះបរមរាជវាំងវិញ មាតាបិតាមានកង្វល់ជាខ្លាំង ដោយបាត់ដំណឹងពីព្រះអង្គម្ចាស់ ហើយបានបញ្ជាគ្រប់ពលសេនាទាំងអស់តាមរកគ្រប់ទីកន្លែង។ គាប់ជូនពលសេនាបានប្រទះឃើញព្រះអង្គខណៈដែលទ្រង់កំពុងតែយាងកម្សាន្តជាមួយនឹងនាងក្រមុំព្រៃភ្នំនៅក្នុងចម្ការមួយ ហើយសេនាក៏បាននាំព្រះអង្គចូលរាជវាំងវិញាក្រោយពីបានស្ដាប់ដឹងដំណើររឿងទាំងអស់។

ពេលបានទៅជួបជុំព្រះមាតាបិតាវិញ អ្វីដែលធ្វើឲ្យទ្រង់នឹងរលឹកជាងគេគឺ នាងក្រមុំដែលបានស្លសម្លម្យ៉ាងមានរសជាតិឆ្ងាញ់ប្លែកមិនដែលជួប។ ព្រះអង្គម្ចាស់បានរៀបរាប់ដំណើររឿងទាំងអស់ប្រាប់ទៅមាតាបិតា ហើយពោលដដែលៗថា “នៅថ្ងៃណាមួយទួលបង្គំនឹងនាំអ្នកទាំងអស់គ្នាឲ្យទៅភ្លក់រសជាតិសម្លនោះ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយសោយទៅធ្វើឲ្យស្រួលខ្លួនមានសុខភាពល្អ…”

ដោយចង់បំពេញចិត្តកូន ណាក៏ចង់ដឹងថាតើសម្លនោះមានរសជាតិឆ្ងាញ់ដល់កម្រិតណាបានធ្វើឲ្យបុត្រាខ្លួនរំលឹកមិនដាច់ពីមាត់សោះនោះ ព្រះរាជាក៏បានបញ្ជាពលសេនាឲ្យរៀបចំជំនិះ យាងសំដៅទៅផ្ទះនាងនោះ។ បំពេញសំណូមពររបស់ព្រះរាជា នាងក្រមុំ រួមជាមួយឪពុកម្ដាយនិងញាតិមិត្តទាំងអស់បានមកជុំគ្នាធ្វើសម្ល ១០០ មុខនេះថ្វាយដល់ព្រះរាជា។

សកម្មភាពនៃអ្នកចម្អិន អ្នកខ្លះរកនេះ អ្នកខ្លះរកនោះ បន្ទាប់មកនាំគ្នាផ្សែផ្សំបន្លែ គ្រឿងនិងកូរចូលគ្នា មើលទៅពិតជាស័ក្ដិសមនឹងឈ្មោះនេះណាស់។ ពេលនោះ ព្រះរាជាពិតជាទប់ហឫទ័យមិនបាន ក៏សុំភ្លក់សាកមើល “ឆ្ងាញ់មែន! តែដូចជាខ្វះអ្វីម្យ៉ាង…”។

ព្រះរាជាមានបន្ទូលក្រោយភ្លក់។ ពេលនោះស្រាប់តែព្រះអង្គ ងាកទៅឃើញអង្ករលីងនៅក្បែរនោះ ក៏បង់ចូលទៅក្នុងខ្ទះសម្ល ហើយភ្លក់មើលម្ដងទៀតហើយលាន់មាត់ថា “ឆ្ងាញ់ណាស់ៗ!”។

នឹកមិនអស់ចិត្តនឹងឈ្មោះសម្លនេះ ដោយសារព្រះអង្គទតឃើញសកម្មភាពនៃអ្នកចម្អិនកូររហូតនោះ ព្រះរាជាក៏មានបន្ទូលទៀត “សម្លនេះ ឃើញតែកូរ បើដូរឈ្មោះទៅជាសម្លកកូរទើបត្រូវជាង”។ ពេលនោះ អ្នកស្រុកទាំងអស់នៅទីនោះក៏បានស្រែកហ៊ោគាំទ្រនឹងឈ្មោះថ្មីនៃមុខម្ហូបខ្មែរមួយនេះ។

ព្រះអង្គមានក្ដីសោមនស្សជាខ្លាំងដែលបានស្គាល់ ជួយផ្សំគ្រឿងនិងថែមទាំងបានដូរឈ្មោះសម្ល ដែលមានរសជាតិឆ្ងាញ់របស់ខ្មែរមួយមុខនេះ ហើយចាប់ពីពេលនោះមក សម្លកកូរកាន់តែនិយមចម្អិនជាលំដាប់នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។

យ៉ាងម៉េចដែរក្រោយពីបានស្ដាប់រឿងដំណាលទាក់ទងនឹងមុខម្ហូបសម្លកកូរខ្មែរ។ គេសង្កេតឃើញថា សម្លមួយមុខនេះមានដើមកំណើតពីអ្នករស់នៅតាមព្រៃដាច់ស្រយាលដែលមានការច្នៃប្រឌិតក្នុងការផ្សំបន្លែដែលមានមកចម្អិនធ្វើជាម្ហូបទទួលទានប្រចាំថ្ងៃប្រកបដោយរសជាតិឆ្ងាញ់ពិសា។ យ៉ាងណាមិញ ដោយសារខ្មែរមានវប្បធម៌ចេះជួយគ្នា ចេះចែករំលែកគ្នាទើបបានធ្វើឲ្យមុខម្ហូបខ្មែរមួយនេះកាន់តែត្រូវបានគេស្គាល់ និងនិយមធ្វើតៗគ្នារហូតដល់ពេលបច្ចុប្បន្ននេះ។